សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា យន្តហោះចម្បាំងបំបាំងកាយ F-35A របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះនៅក្នុងដំណើរទស្សនកិច្ចដែលបានប្រកាសជាសាធារណៈលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលសម្ព័ន្ធមិត្ត និងកូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងវដ្តនៃការបង្ហាញអាវុធកាន់តែកើនឡើង ។
សមយុទ្ធយោធារួមគ្នាត្រូវបានពង្រីកជាសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលើកទីមួយធ្វើឡើងនៅក្នុងឆ្នាំ២០១៨ ដោយសារតែកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង និងក្រោយមកដោយសារជំងឺរាតត្បាតជំងឺកូវីដ-១៩ ។
លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ដែលចូលកាន់តំណែងកាលពីខែឧសភា បានព្យាយាមបង្កើនការបង្ហាញជាសាធារណៈអំពីអំណាចយោធាសម្ព័ន្ធមិត្ត រួមទាំងសមយុទ្ធ ដើម្បីទប់ទល់នឹងការសាកល្បងមីស៊ីលជាច្រើនដែលធ្វើឡើងដោយកូរ៉េខាងជើងក្នុងឆ្នាំនេះ ។
កូរ៉េខាងជើង ក៏ទំនងជាកំពុងត្រៀមខ្លួនធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ F-35A ចំនួន៦គ្រឿងនឹងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល១០ថ្ងៃ ។
ក្រសួងបានឲ្យដឹងថា “គោលបំណងនៃការដាក់ពង្រាយនេះគឺដើម្បីបង្ហាញពីការរារាំងដ៏ខ្លាំងក្លា និងជំហរការពាររួមគ្នានៃសម្ព័ន្ធភាពសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ស្របពេលជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងកងទ័ពអាកាសកូរ៉េខាងត្បូង និងកងទ័ពអាកាសសហរដ្ឋអាមេរិក” ។
កងកម្លាំងអាមេរិកកូរ៉េ ហៅកាត់ (USFK) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះត្រូវបានដាក់ពង្រាយពីមូលដ្ឋានទ័ពអាកាស Eielson ក្នុងរដ្ឋអាឡាស្កា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា