បរទេស៖ អតីតយុទ្ធជនអាមេរិក មួយចំនួនត្រូវបានគេរាយការណ៍ថា បានបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅជិតជួរមុខនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ទោះបីជាមន្ទីរបញ្ចកោណបានជំរុញពួកគេមិនឱ្យធ្វើដូច្នេះក៏ដោយ, នេះបើតាមកាសែត New York Times បានអះអាងនៅក្នុងអត្ថបទមួយកាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានដដែល បានបញ្ជាក់ថា «ជនជាតិអាមេរិកស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន» ដោយកត់សម្គាល់ថា ចំនួនពិតប្រាកដ នៃពលរដ្ឋអាមេរិកដែលកំពុងប្រយុទ្ធនៅជួរមុខនៃជម្លោះគឺមិនត្រូវបានគេដឹងនោះទេ។ New York Times បន្ថែមថា ជនជាតិអាមេរិកទាំងនេះមួយចំនួនក៏កំពុងធ្វើការស្ម័គ្រចិត្តសម្រាប់ក្រុមជម្លៀសជនរងគ្រោះ និងធ្វើជាអ្នកឯកទេសដោះគ្រាប់បែក អ្នកជំនាញផ្នែកដឹកជញ្ជូន និងគ្រូបង្រៀនផងដែរ។
កាសែត New York Times ក៏អះអាងដែរថា បច្ចុប្បន្នមានក្រុមតូចៗនៃអតីតសមាជិកប្រតិបត្តិការពិសេស កំពុងផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន ហើយក្នុងករណីខ្លះគឺជួយកងកម្លាំងរបស់ទីក្រុងគៀវ ធ្វើផែនការបេសកកម្មប្រយុទ្ធ៕
ប្រែសម្រួលៈ ណៃ តុលា