ឡុងដ៍ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ថា ក្រុមអ្នកបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី បានរឹបអូសយកកប៉ាល់ ដែលមានទង់ជាតិបរទេស ចំនួន២គ្រឿង នៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងកើតអ៊ុយក្រែន ដោយនិយាយថា ឥឡូវនេះកប៉ាល់ទាំងនេះបានក្លាយជា “កម្មសិទ្ធិរបស់រដ្ឋ” នៅក្នុងការផ្លាស់ប្តូរលើកដំបូងប្រឆាំង នឹងការដឹកជញ្ជូនពាណិជ្ជកម្ម ។
ក្រុង Mariupol នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន បានធ្លាក់នៅក្រោមការគ្រប់គ្រង របស់កងកម្លាំងរុស្ស៊ី និងក្រុមបំបែកខ្លួនកាលពីខែឧសភា បន្ទាប់ពីមានការឡោមព័ទ្ធ អស់រយៈពេលជាច្រើនខែ ។
គួររំលឹកថា រុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ កំពុងប្រយុទ្ធដើម្បីដណ្តើមយកតំបន់ Donetsk និងក្រុង Luhansk ទាំងមូល ។
សាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសដោយខ្លួនឯង តាមរយៈក្រសួងការបរទេស របស់ខ្លួន បានជូនដំណឹងដល់ក្រុមហ៊ុន ដឹកជញ្ជូនចំនួន២ថា នាវារបស់ពួកគេគឺជាកម្មវត្ថុនៃ “ការកាន់កាប់ដោយបង្ខំ នៃចលនវត្ថុជាមួយនឹងការបំប្លែង ដោយបង្ខំទៅជាសម្បត្តិរដ្ឋ” ដោយគ្មានសំណង ណាមួយដល់ម្ចាស់ នេះបើយោងតាមលិខិតពីរ ផ្សេងគ្នាបានដាក់ដូច្នេះ ។
ជុំវិញករណីនេះដែរ មន្ត្រី Donetsk មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំអត្ថាធិប្បាយតាមអ៊ីមែលទេ ខណៈអ្នកផ្សេងទៀត មិនអាចទាក់ទងបាន តាមទូរស័ព្ទ ។
ប្រទេសលីបេរីយ៉ា បានចុះបញ្ជីក្រុមហ៊ុន Smarta Shipping ដែលជាម្ចាស់កប៉ាល់ Smarta ដែលមានទង់ជាតិ លីបេរីយ៉ា ដែលជាកប៉ាល់១គ្រឿង ក្នុងចំណោមកប៉ាល់ទាំង២ ដែលត្រូវបានគេរឹបអូសយក ដោយបាននិយាយថា វាត្រូវបានជូនដំណឹង អំពីការរឹបអូស តាមអ៊ីមែលកាលពីថ្ងៃទី៣០ ខែមិថុនា ដោយហៅកប៉ាល់នេះថាខុសច្បាប់ និង “ប្រឆាំងនឹងបទដ្ឋានទាំងអស់ នៃច្បាប់អន្តរជាតិ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា