ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ការរើសអើងជាតិសាសន៍ដ៏ធ្ងន់ធ្ងរ និងភាពអយុត្តិធម៌ នៅក្នុងសហរដ្ឋអាមេរិក គឺជាការឆ្លុះបញ្ចាំងពីការរើសអើង និងភាពអយុត្តិធម៌ ដែលសហរដ្ឋអាមេរិក ផ្សព្វផ្សាយនៅជុំវិញពិភពលោក។
អ្នកនាំពាក្យចិន លោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ ដែលថា Jayland Walker ជាពលរដ្ឋអាមេរិក ដើមកំណើតអាហ្រ្វិកក្នុងរដ្ឋ Ohio ត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលិស ៨នាក់ ដែលបានបាញ់ជាង ៩០គ្រាប់ ដែលបង្កឱ្យមានការតវ៉ាដ៏ធំ នៅទូទាំងសហរដ្ឋអាមេរិក។ .
លោក Zhao បានកត់សម្គាល់ថា វាមិនមែនជារឿងចម្លែកទេ សម្រាប់ប៉ូលីសអាមេរិក ដែលអនុវត្តច្បាប់ កាន់តែតឹងរ៉ឹង នៅពេលទាក់ទងនឹងជនជាតិភាគតិច ។ លោកបានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២០ មក មានអ្នកស្លាប់ចំនួន ២៥៦៣ នាក់ ដែលបណ្តាលមកពីការអនុវត្តន៍ប៉ូលីស នៅក្នុងសហរដ្ឋអាមេរិក ដោយក្នុងនោះ ៥៦៥នាក់ជាជនជាតិអាមេរិកកាំងអាហ្វ្រិក ដែលស្មើនឹងជាង ២២ភាគរយ។
លោកបានបន្ដថា “ឆ្នាំនេះ តែមួយគត់ជនជាតិអាហ្រ្វិក អាមេរិក ចំនួន ៤៩នាក់ ត្រូវបានប៉ូលិសអាមេរិកបាញ់ សម្លាប់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ពីអំពើអាក្រក់នៃការជួញដូរទាសករ និងការបណ្តេញចេញ និងការសម្លាប់ជនជាតិ ដើមភាគតិច ដល់ស្ថានភាពដ៏អាក្រក់ដែលកំពុងបន្ត និងការឈឺចាប់ដ៏សោកនាដកម្ម របស់ជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិក និងជនជាតិភាគតិចដទៃទៀត ឧត្តមភាពស្បែកស និងការលើកកម្ពស់នៃ “ទ្រឹស្ដីជំនួស” ស្បែកសនៅក្នុងសហរដ្ឋអាមេរិកគឺរីករាលដាល ហើយ លោក Zhao បានលើកឡើងថា ការរើសអើងពូជសាសន៍ជាប្រព័ន្ធ និងជាសាកលកំពុងកើត មានកាន់តែខ្លាំងឡើង ។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ បានបរាជ័យក្នុងការចាត់វិធានការប្រកប ដោយប្រសិទ្ធភាព ដើម្បីដោះស្រាយការរើសអើងពូជសាសន៍ជាប្រព័ន្ធ ដែលនេះជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានេះ៕
ប្រែសម្រួល ឈូក បូរ៉ា