គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តី នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែននឹងធ្លាក់ចុះ យ៉ាងហោចណាស់ ៣៥ភាគរយ នៅឆ្នាំនេះ ដោយសារជម្លោះជាមួយរុស្ស៊ី។
ក្នុងពេលកំពុងថ្លែងសុន្ទរកថា ក្នុងសន្និសិទការងើបឡើងវិញ អ៊ុយក្រែន នៅប្រទេសស្វីស លោក Shmyhal បានឲ្យដឹងថា សេដ្ឋកិច្ចអ៊ុយក្រែន បានចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីសប្តាហ៍ដំបូងនៃជម្លោះ ។
លោក Shmyhal បានលើកឡើងថា រដ្ឋាភិបាលបានអនុវត្តយុទ្ធនាការ សាបព្រួសគ្រាប់ ធញ្ញជាតិ “ជោគជ័យ” ហើយបានបន្តការ ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ភាគខាងលិច ដោយកត់សម្គាល់ថា សេដ្ឋកិច្ចនៅតែប្រឈមមុខ នឹងបញ្ហាជាច្រើន។
យោងតាមសេវាស្ថិតិរដ្ឋ GDP របស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ ១៥,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែមករា ដល់ខែមីនាឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។
យោងតាមការប៉ាន់ ប្រមាណរបស់ធនាគារជាតិ នៃអ៊ុយក្រែននៅក្នុងឆមាសទីពីរនៃឆ្នាំ អត្រានៃការធ្លាក់ចុះសេដ្ឋកិច្ច នឹងទាបជាង ប៉ុន្តែជាទូទៅ GDP ពិតប្រាកដរបស់អ៊ុយក្រែន នឹងថយចុះជាង ៣០ ភាគរយក្នុងរយៈពេលនៃឆ្នាំនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា