បរទេស៖ ស្ទើរតែពាក់កណ្តាល នៃប្រជាជនអាល្លឺម៉ង់ជឿថា អ៊ុយក្រែនគួរតែប្រគល់ទឹកដី នៅភាគខាងកើតរបស់ប្រទេសនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយរុស្ស៊ី, នេះបើយោងតាមការស្ទង់មតិថ្មី ដោយទូរទស្សន៍ RTL ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងពេលនោះដែរ ក៏មានប្រជាជនអាល្លឺម៉ង់ 47% គាំទ្រគំនិតរបស់អ៊ុយក្រែន ក្នុងការធ្វើសម្បទានទឹកដី ទៅឱ្យរុស្ស៊ី, ប្រជាជន 41% ប្រឆាំងនឹងការធ្វើបែបនេះ។ យោងតាមការស្ទង់មតិ បានឲ្យដឹងថា អ្នកឆ្លើយសំណួរដែលនៅសល់ ១២% មិនប្រាកដ។
ភាគច្រើនប្រហែល 69% នៃប្រជាជនអាល្លឺម៉ង់មិនជឿថា ទីក្រុងគៀវនឹងអាចកម្ចាត់រុស្ស៊ី នៅលើសមរភូមិ ហើយបណ្តេញកងទ័ពរបស់ខ្លួន ចេញពីប្រទេស បានឡើយ។ មានតែ 26% ប៉ុណ្ណោះដែលប្រកាន់ខ្ជាប់ នូវគំនិតដែលថា សព្វាវុធគ្រប់គ្រាន់ដែលផ្គត់ផ្គង់ ដល់ទីក្រុងគៀវ ដោយសមូហភាពលោកខាងលិច នឹងអនុញ្ញាតឱ្យវាទទួលបានជ័យជំនះ ផ្នែកយោធាលើប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះ 56% នៃប្រជាជនអាល្លឺម៉ង់ជឿថា ការផ្គត់ផ្គង់អាវុធធុនធ្ងន់ ដល់ទីក្រុងគៀវ គឺជារឿងត្រឹមត្រូវ ដែលត្រូវធ្វើ ខណៈដែល 40% ជំទាស់។
ទោះបីជាគាំទ្រដល់ការបញ្ជូនអាវុធ ទៅឱ្យទីក្រុងគៀវក៏ដោយ ក៏ប្រជាជនអាល្លឺម៉ង់ភាគច្រើន (៧៣%) មិនជឿថា រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសនេះ មានយុទ្ធសាស្ត្រគិតគូរយ៉ាងល្អ សម្រាប់ការដោះស្រាយ ជាមួយទាំងក្រុងគៀវ និងទីក្រុងមូស្គូ ក្នុងរយៈពេលយូរនោះដែរ ខណៈដែលមានតែ ១៥ ភាគរយប៉ុណ្ណោះដែលជឿ ផែនការដែលមានគំនិតល្អថា ផែនការដំណើរការល្អ៕ ប្រែសម្រួលៈ ណៃ តុលា