ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី បើកទូលាយសម្រាប់ កិច្ចចរចាសន្តិភាព ហើយការចរចាជាមួយអ៊ុយក្រែន នឹងកាន់តែលំបាកជាមួយ នឹងពេលវេលាដែលកន្លងផុតទៅ ។
លោកបានថ្លែងថា “យើងមិនបដិសេធការចរចាសន្តិភាពនោះទេ ប៉ុន្តែអ្នកដែលបដិសេធគួរតែដឹងថា ពួកគេខ្ជះខ្ជាយពេលវេលាកាន់តែច្រើន វានឹងកាន់តែលំបាកសម្រាប់ ពួកគេក្នុងការចរចាជាមួយយើង” ។
លោក ពូទីន បានថ្លែងថា លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានឈ្លានពានយ៉ាងខ្លាំង ចំពោះប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើន ទសវត្សរ៍មកហើយ ។
លោកបានឲ្យដឹងទៀតថា “សំណើរ បស់យើងក្នុងការបង្កើតប្រព័ន្ធសន្តិសុខ ស្មើភាពគ្នានៅអឺរ៉ុបត្រូវបានច្រានចោល ។ គំនិតផ្តួចផ្តើមសម្រាប់ការងាររួមគ្នា លើបញ្ហាការពារមីស៊ីលត្រូវបានច្រានចោល ។ ការព្រមានអំពីការមិនអាចទទួល យកបាននៃការពង្រីកអង្គការ NATO មិនត្រូវបានអើពើ” ។
លោកប្រធានាធិបតីបានថ្លែងថា ការប៉ុនប៉ងរបស់បណ្តាប្រទេសលោក ខាងលិចក្នុងការដាក់បទបញ្ជាថ្មី លើពិភពលោកនឹងត្រូវបរាជ័យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា