ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានផ្លាស់ប្តូរទស្សនៈ ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar អំពីបញ្ហាអ៊ុយក្រែន អំឡុងពេលលោកចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំង២០ (G20) នៅកោះទេសចរណ៍ កោះបាលី ប្រទេសឥណ្ឌូនេស៊ី។
![](https://dap-news.com/wp-content/uploads/2022/07/2022-07-08-12.27.09.jpg)
លោក Wang បានពន្យល់អំពីកង្វល់បីរបស់ចិន អំពីស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន។ ទីមួយ លោក Wang បានលើកឡើងថា ប្រទេសចិនប្រឆាំងនឹងទង្វើ នៃការឆ្លៀតឱកាសដើម្បីញុះញង់ ឱ្យមានការគិតក្នុងសង្គ្រាមត្រជាក់ បង្កើនការប្រឈមមុខគ្នាក្នុងប្លុក និងការបង្កើត “សង្រ្គាមត្រជាក់ថ្មី” ។
លោកបានបន្ដថា នៅពេលប្រឈមមុខនឹងបញ្ហាស្មុគស្មាញ និងធ្ងន់ធ្ងរ ពិភពលោកឱ្យតម្លៃលើការរួបរួម ជាជាងការបែកបាក់ ហើយអ្វីដែលត្រូវការគឺការសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា។
លោក Wang បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តឈរលើផ្នែកខាងស្តាំនៃប្រវត្តិសាស្ត្រ និងនៅលើផ្នែកនៃការជំរុញកិច្ចចរចាសន្តិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្តថា ទីពីរ ចិនប្រឆាំងនឹងការអនុវត្តស្តង់ដារទ្វេ ដែលធ្វើឲ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។
លោកបានបន្ថែមថា ប្រទេសមួយចំនួនសង្កត់ធ្ងន់ លើគោលការណ៍អធិបតេយ្យភាព លើបញ្ហាអ៊ុយក្រែន ប៉ុន្តែនៅតែបន្តប្រកួតប្រជែងលើអធិបតេយ្យភាពរបស់ចិន និងគោលការណ៍ចិនតែមួយ លើសំណួរតៃវ៉ាន់ ហើយថែមទាំង មានចេតនាបង្កើតភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលជាស្តង់ដារទ្វេរដង ដែលមិនច្បាស់លាស់៕ ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)