បរទេស ៖ មន្ត្រីសង្គ្រោះបន្ទាន់ ក្នុងតំបន់បាននិយាយថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe មិនបង្ហាញសញ្ញាជីវិតនោះទេ បន្ទាប់ពីត្រូវបាន ខ្មាន់កាំភ្លើងបាញ់ នៅថ្ងៃសុក្រនៅទីក្រុង Nara ភាគខាងលិច ខណៈកំពុងធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតសភា កាលពីចុងសប្តាហ៍។
យោងតាមសារព័ត៌មាន kyodo News ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលិសបាននិយាយថា លោក Shinzo Abe ត្រូវបានបាញ់ពីខាងក្រោយ ២គ្រាប់ នៅម៉ោងប្រហែល 11:30 ព្រឹក ខណៈដែលគាត់កំពុងនិយាយនៅមុខស្ថានីយ៍ Yamato-Saidaiji របស់ Kintetsu Railway ដោយបន្ថែមថា គាត់បានដួលទៅលើដីបន្ទាប់ពីមានការបាញ់ ។
លោក Shinzo Abe អាយុ 67 ឆ្នាំដែលជាមេដឹកនាំដ៏យូរ នៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយមានឈាម នៅលើអាវរបស់គាត់ ។ សមាជិកសភា LDP ម្នាក់បាននិយាយថា មានព័ត៌មានថា Shinzo Abe ត្រូវបានគេបាញ់ចំផ្នែក ខាងឆ្វេងនៃដងខ្លួន ខាងលើរបស់គាត់។
ប៉ូលីស បាននិយាយថា ខ្មាន់កាំភ្លើង ឈ្មោះ Tetsuya Yamagami អាយុ 41 ឆ្នាំ ជាអ្នករស់នៅទីក្រុងភាគខាងលិច ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ដោយសង្ស័យពីបទប៉ុនប៉ងមនុស្សឃាត។ យោងតាមប្រភពពីរដ្ឋាភិបាល បានឱ្យដឹងថា ជនសង្ស័យជាអតីតសមាជិក នៃកងកម្លាំងស្វ័យការពារដែនសមុទ្រ ។
លោក Abe ស្ថិតនៅក្នុងទីក្រុង ដើម្បីគាំទ្រ បេក្ខជន LDP ដែលឈរឈ្មោះក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ កាលពីថ្ងៃអាទិត្យ ហើយមានហ្វូងមនុស្សស្តាប់ សុន្ទរកថា របស់លោកនៅជិតស្ថានីយ៍រថភ្លើង នៅពេលដែលឧប្បត្តិហេតុបានកើតឡើង ៕