ម៉ាណាហ្គា៖ រដ្ឋមន្ត្រីការបរទេស នីការ៉ាហ្គា លោក Denis Moncada បានលើកឡើងថា ការរិះគន់សិទ្ធិមនុស្ស នៅបរទេស ដែលធ្វើឡើងដោយមហាអំណាចអាមេរិក គឺសំដៅធ្វើឱ្យប្រទេស ដទៃមានអស្ថិរភាព។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ិនហួ លោក Moncada បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន “បោកបញ្ឆោតប្រើប្រាស់ សិទ្ធិមនុស្ស ជាផ្នែកនៃយុទ្ធសាស្ត្រ ដើម្បីបន្តភាពអនុត្តរភាពរបស់ខ្លួន និងកាត់ផ្តាច់ ផ្លូវអភិវឌ្ឍន៍ឯករាជ្យ ដែលត្រូវបានជ្រើសរើសដោយប្រជាជនផ្សេងៗគ្នានៅជុំវិញពិភពលោក”។
លោក Moncada បានបន្ដថា “សិទ្ធិមនុស្សមានជាប់នឹងមនុស្ស” ហើយ “ត្រូវបានសរសេរស្មើៗគ្នាសម្រាប់ពិភពលោកទាំងមូល” ប៉ុន្តែមហាអំណាចលោកខាងលិច កេងប្រវ័ញ្ចពួកគេ ដើម្បីជំរុញរបៀបវារៈរបស់ពួកគេ។
លោកបន្ថែមថា “គេប្រើនយោបាយ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេស។ ពួកគេបានប្រែក្លាយវាទៅជាបដា ដើម្បីបង្ខូចកិត្តិយសរដ្ឋាភិបាល ហើយប្រសិនបើអាចធ្វើទៅបាន រំលំពួកគេ ដោយជំនួសពួកគេជាមួយនឹង ផលប្រយោជន៍ជាក់លាក់ របស់ពួកគេ ដែលខុសពីផលប្រយោជន៍របស់ ប្រជាជន”។
លោកបានបន្ថែមទៀតថា “នោះគឺជាគោលបំណងរបស់ពួកគេ ដើម្បីតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយលាបពណ៌ប្រទេសផ្សេងទៀតជាអ្នករំលោភសិទ្ធិទាំងនោះ ដូច្នេះរដ្ឋាភិបាលរបស់ពួកគេអាចត្រូវបានផ្តួលរំលំដោយមហាអំណាចចក្រពត្តិនិយម” ។
លោក Moncada បានថ្កោលទោសការចូលរួម របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅក្នុងយុទ្ធសាស្ត្រនេះ “តាមរយៈព័ត៌មានក្លែងក្លាយដែលបំភ្លៃការពិតសេដ្ឋកិច្ច សង្គម និងនយោបាយនៃប្រទេសឯករាជ្យ ដែលមិនយល់ស្រប ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលធ្វើឱ្យពួកគេលេចឡើងជាអ្នករំលោភសិទ្ធិមនុស្ស”។
លោក Moncada បានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការរិះគន់លើប្រទេសដូចជា នីការ៉ាហ្គោ គឺជាផ្នែកនៃយុទ្ធសាស្រ្តដែលស្វែងរកការធ្វើសង្គ្រាមអយុត្តិធម៌ម្តងទៀត ប្រឆាំងនឹងអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន លីប៊ី និងស៊ីរី៕
ប្រែសម្រួល ឈូក បូរ៉ា