សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ថា ប្រជាជនជប៉ុន ដែលរស់នៅក្នុងប្រទេសសិង្ហបុរី បានសម្តែងការតក់ស្លុត និងសោកសៅរបស់ពួកគេ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) ត្រូវបានគេធ្វើឃាតកាលពីថ្ងៃសុក្រ ។
គេបានដឹងថា លោក Abe អាយុ៦៧ឆ្នាំកំពុងថ្លែងសុន្ទរកថា នៅក្នុងអំឡុងពេល ព្រឹត្តិការណ៍យុទ្ធនាការមួយនៅ Nara នៅគ្រាដែលគាត់ ត្រូវបានគេបាញ់នៅម៉ោងប្រហែល ១១និង៣០នាទីព្រឹក ។ លោក Hidetada Fukushima សាស្ត្រាចារ្យផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ សាកលវិទ្យាល័យ Nara Medical University បានលើកឡើងថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយស្ថិតក្នុងស្ថានភាពគាំងបេះដូងនៅពេលមកដល់មន្ទីរពេទ្យ ។
បុគ្គលិកពេទ្យបានព្យាយាមជួយសង្គ្រោះគាត់ ប៉ុន្តែគាត់បានស្លាប់នៅម៉ោងប្រហែល៥ល្ងាច ។ សាស្ត្រាចារ្យ Fukushima បានលើកឡើងថា លោក Abe បានស្លាប់ដោយសារការបាត់បង់ឈាម ទោះបីជាបានឆ្លងកាត់ការបញ្ចូលឈាមក្នុងបរិមាណច្រើនក៏ដោយ ។
បុរសវ័យ៤១ឆ្នាំ ម្នាក់ដែលសង្ស័យថា ជាអ្នកបាញ់ប្រហារត្រូវបានចាប់ខ្លួន ផងដែរ ។ “មិនដែលគិតថារឿងនេះ នឹងកើតឡើងនៅប្រទេសជប៉ុន” ។
ជនជាតិជប៉ុនម្នាក់ឈ្មោះ Yohei Sugakawa ដែលធ្វើការជាជាងកាត់សក់ នៅប្រទេសសិង្ហបុរី បាននិយាយថា គាត់កំពុងតាមដានការវិវត្តន៍ បន្ទាប់ពីព័ត៌មាននៃការបាញ់ប្រហារ ដំបូង បានផ្ទុះឡើងកាលពីព្រឹកថ្ងៃសុក្រ ។
លោក Sugakawa បាននិយាយថា “ខ្ញុំភ្ញាក់ផ្អើល… ដែលរឿងនេះបានកើតឡើង ហើយខ្ញុំក៏ភ្ញាក់ផ្អើលផងដែរ ដែលមនុស្សជាច្រើនបានដឹងអំពីរឿងនេះ រួមទាំងអតិថិជនរបស់ខ្ញុំផងដែរ” ។
“ខ្ញុំសង្ឃឹមថា ប្រជាជនមិនគិតអាក្រក់អំពីប្រទេសជប៉ុនបន្ទាប់ពីរឿងនេះទេ ហើយថាមុខមាត់ របស់យើងជាប្រទេស ដែលប្រជាជនមានចិត្តល្អ និងរួសរាយរាក់ទាក់នឹងមិនត្រូវបានបំផ្លាញ” ។
អ្នករចនាក្រាហ្វិកម្នាក់ឈ្មោះ Yasuko Tamekuni បាននិយាយថា នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះ ព័ត៌មាននៃការវាយប្រហារ និងមរណភាពរបស់លោក Abe ។ នាងបាននិយាយទៀតថា លោក Abe ជាអ្នកមានមុខមាត់ដែលស្គាល់ ក្នុងនយោបាយជប៉ុន ៕
ដោយ៖ ម៉ៅ បុប្ផាមករា