បរទេស ៖ ក្រសួងអប់រំ របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអំពាវនាវ ឲ្យបណ្តាសាលារៀន និងអគារនៅក្នុងវិស័យអប់រំទាំងអស់ក្នុងប្រទេស គួរតែធ្វើការបញ្ជាក់ ឲ្យបានច្បាស់អំពីស្ថានភាព នៃការប្រើប្រាស់ថាមពល របស់ពួកគេដើម្បីបញ្ចៀស ការបង្ខំចិត្តបិទដំណើរ ការរបស់ខ្លួននៅរដូវរងាឈាន ចូលមកដល់នាពេលខាងមុខនេះ ។
ថ្លែងទៅកាន់សារព័ត៌មាន Rheinishce Post កាលពីថ្ងៃសុក្រម្សិលមិញ មន្ត្រីជាន់ខ្ពស់របស់ក្រសួងអប់រំ បាននិយាយថា បញ្ហានេះគួរបានក្លាយទៅជាការងារអទិភាព សម្រាប់រដ្ឋាភិបាលលោក Olaf Scholz ដើម្បីធ្វើយ៉ាងធានា ឲ្យបានថាសាលារៀន និងបណ្តាមហាវិទ្យាល័យ នឹងនៅតែអាចដំណើរ ការបានទោះបីជាប្រទេស កំពុងមានកង្វះខាតហ្គាស ក្តីនៅពេលនេះ។
មន្ត្រីរូបនេះបានបន្តទៀតថា នៅពេលនេះរុស្សី បានពិចារណា ក្នុងការកាត់ផ្តាច់ទាំងស្រុង នូវការបង្ហូរហ្គាស តាមរយៈបំពង់បង្ហូរ Nort Stream 1 ដែលមានន័យថា កង្វះខាតហ្គាស នាពេលអនាគត គឺត្រូវប្រឈមមុខទាំងស្រុង ជាមិនខានដូចនេះរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់ ចំពោះបញ្ហានេះជាពិសេសសាលារៀន និងមហាវិទ្យាល័យនានា។
គួរឲ្យដឹងដែរថាការផ្គត់ផ្គង់ហ្គាស តាមរយៈបំពង់បង្ហូរ Nord Stream 1 កាលពីខែមុនត្រូវបាន កាត់បន្ថយដល់ទៅជាង៤០ភាគរយ ដែលរុស្សីបានលើកឡើងថា គឺជាមូលហេតុ ដែលបណ្តាលមកពីទណ្ឌកម្ម របស់លោកខាងលិចប្រឆាំង នឹងរដ្ឋាភិបាលទីក្រុងមូស្គូ៕
ប្រែសម្រួល៖ស៊ុនលី