ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលចិន អំពាវនាវឱ្យមានពហុភាគីនិយម កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅក្នុងកិច្ចប្រជុំ G20

" "

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យប្រកាន់ខ្ជាប់ នូវលទ្ធិពហុភាគីពិត ធ្វើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងសម្រេចបាននូវបរិយាប័ន្ន និងការតភ្ជាប់ក្នុងក្របខ័ណ្ឌ នៃក្រុមប្រទេសទាំង២០ (G20)។

លោក Wang Yi បានធ្វើការកត់សម្គាល់ពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ដែលធ្វើឡើងនៅកោះ Bali របស់ឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

លោកបានមានប្រសាសន៍ថា សមាជិក G20 គួរតែជាដៃគូ ដែលមានការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់លើគោលជំហរស្មើគ្នា។ លោកបានលើកឡើងថា ពួកគេគួរតែជាដៃគូនៃ ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយបន្ថែមថាសមាជិក G20 ក៏គួរតែជាដៃគូសម្រាប់ការបើកចំហ រួមបញ្ចូល និងការតភ្ជាប់ផងដែរ។

" "

លោកបានបន្ដថា សមាជិក G20 គួរតែពង្រឹងការសម្របសម្រួលរបស់ពួកគេ លើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញឱ្យមានការងើបឡើងវិញ ដោយរួមបញ្ចូល និងកំណើនសេដ្ឋកិច្ចពិភពលោក។

លោក បានបន្ថែមថា ពួកគេគួរតែរួមគ្នារក្សាស្ថិរភាព ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ដើម្បីបន្ធូរបន្ថយសម្ពាធ អតិផរណាពិភពលោក ដោយអំពាវនាវឱ្យមានការជំរុញ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីជំរុញបរិយាកាសពាណិជ្ជកម្ម អន្តរជាតិបើកចំហ តម្លាភាព និងមិនរើសអើង។

លោកក៏បានជំរុញឱ្យសមាជិក G20 ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ និងបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយភាពក្រីក្រ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍បៃតង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top