បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខដល់ម្តាយ និងភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា សាររបស់លោក ពូទីន បានហៅលោក អាបេ ថាជា “រដ្ឋបុរសពិសេសម្នាក់ ដែលបានធ្វើច្រើនសម្រាប់ទំនាក់ទំនងអ្នកជិតខាងល្អ” រវាងរុស្ស៊ី និងជប៉ុន ក្នុងអំឡុងពេលកាន់តំណែងរបស់លោក។
លោក ពូទីន បាននិយាយថា ក្នុងអំឡុងពេលទំនាក់ទំនង ជាមួយអ្នកនយោបាយជប៉ុន លោកបានកោតសរសើរ យ៉ាងពេញទំហឹងចំពោះគុណសម្បត្តិផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់គាត់។
លោកបាននិយាយថា «ការចងចាំដ៏រីករាយ អំពីបុរសដ៏អស្ចារ្យម្នាក់នេះ នឹងស្ថិតនៅក្នុងចិត្តអ្នករាល់គ្នា ដែលបានស្គាល់គាត់ជារៀងរហូត»។
មុននេះ ក្រសួងការបរទេសរុស្ស៊ី ក៏បានពណ៌នាការបាញ់ប្រហារនេះថាជា “អំពើភេរវកម្ម” ហើយបានអំពាវនាវឱ្យពិរុទ្ធជនទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានហៅលោក អាបេ ថាជាអ្នកស្នេហាជាតិពិតប្រាកដរបស់ប្រទេសជប៉ុន៕ ប្រែសម្រួលៈ ណៃ តុលា