ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ បរិហារការបង្កាច់បង្ខូច របស់អ្នកនយោបាយលោកខាងលិច ប្រឆាំងនឹងប្រទេសចិន ក្រោមលេសសេរីភាពខាងសាសនា

ប៉េកាំង៖ អ្នកជំនាញចិន បានបដិសេធការលើកឡើង មិនសមហេតុផលអំពីប្រទេសចិន ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអន្តរជាតិស្តីពី “សេរីភាពនៃសាសនា ឬជំនឿ”។

ព្រឹត្តិការណ៍ដែលបានធ្វើឡើង ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៦ ខែកក្កដានៅទីក្រុងឡុងដ៍ បានឃើញអ្នកនយោបាយ របស់ប្រទេសមួយចំនួន ក្រោមលេសនៃ “សេរីភាពសាសនា” ចង្អុលដៃទៅកាន់ប្រទេសផ្សេងទៀត និងបង្កាច់បង្ខូចប្រទេសចិន ដោយមិនយកចិត្តទុកដាក់ចំពោះការពិត។

លោក Zhang Xunmou ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសាសនា ក្រោមនាយកដ្ឋានរណសិរ្សរួបរួម នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានកត់សម្គាល់ថា នៅពេលដែលកម្លាំងជាតិ និងឥទ្ធិពលអន្តរជាតិរបស់ចិន កើនឡើង កម្លាំងប្រឆាំងចិន ដែលមានការព្រួយបារម្ភនៅសហរដ្ឋអាមេរិក និង លោកខាងលិច បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីឡោមព័ទ្ធ និងទប់ស្កាត់ប្រទេសចិន ដោយប្រធានបទសាសនា គឺជាវិធីសាស្រ្តមួយ ក្នុងចំណោមវិធីសាស្រ្តរបស់ពួកគេ។

លោក Zhang បានជំរុញឱ្យអ្នកនយោបាយសហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងបញ្ហារបស់ប្រទេសខ្លួន កែលម្អលក្ខខណ្ឌសាសនា និងសិទ្ធិមនុស្សក្នុងស្រុក ហើយឈប់បោកប្រាស់ខ្លួនឯង។

លោក Fu Suixin ជំនួយការអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានសិក្សាអាមេរិក ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (CASS) បានលើកឡើងថា សហរដ្ឋអាមេរិក មិនមែនជាប្រទេស ដែលមានសេរីភាពខាងសាសនានោះទេ ប៉ុន្តែជារឿយៗបានវាយប្រហារសិទ្ធិមនុស្សនៅប្រទេសដទៃ ក្រោមលេសនៃសេរីភាពសាសនាទៅវិញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top