ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ ងាក​ទៅ​រក​រោងចក្រ​ដុត​ធ្យូងថ្ម ​ជំនួស​ឧស្ម័ន ទំនងជាកំពុងខ្វះការផ្គត់ផ្គង់

បឺលីន៖ សភាជាន់ទាប និងសភាអាល្លឺម៉ង់ (Bundesrat និង Bundestag) បានអនុម័តកាលពីថ្ងៃសុក្រ លើការប្រើប្រាស់រោងចក្រថាមពលធ្យូងថ្មបន្ថែមទៀត ដើម្បីជំនួសការប្រើប្រាស់ឧស្ម័ន ក្នុងការផលិតអគ្គិសនី។

ការសម្រេចចិត្តនេះបានធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងជម្លោះ រុស្ស៊ី-អ៊ុយក្រែន និងការកាត់ផ្តាច់ ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរតាមរយៈបំពង់បង្ហូរ Nord Stream 1។  អាល្លឺម៉ង់​មាន​បំណង​ប្រើប្រាស់​ឧស្ម័ន​តិច ដើម្បី​ផលិត​អគ្គិសនី និង​ដើម្បី​បំពេញ​កន្លែង​ស្តុក​ទុក​របស់​ខ្លួន។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ លោក Robert Habeck បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានភាពនៅលើទីផ្សារឧស្ម័ន មានភាពតានតឹង” ។

គោលបំណងគឺដើម្បី “រក្សាការផ្គត់ផ្គង់ជាមូលដ្ឋាន ក្នុងរដូវរងារខាងមុខនេះ និងរក្សាទីផ្សារថាមពលឱ្យដំណើរការ បានយូរតាមដែលអាចធ្វើទៅបាន ទោះបីជាតម្លៃខ្ពស់ និងហានិភ័យកើនឡើងក៏ដោយ” លោក Habeck បានបន្ថែម។

លោក Siegfried Russwurm ប្រធានសហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់ (BDI) បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ការសម្រេចចិត្តរបស់ Bundestag ក្នុងការនាំយករោងចក្រថាមពលធ្យូងថ្ម ត្រឡប់មកវិញជាបណ្តោះអាសន្នគឺថាទោះបីជា “មកយឺត ប៉ុន្តែវាត្រឹមត្រូវ” ។

ទីភ្នាក់ងារបណ្តាញសហព័ន្ធ (BNetzA) បានឲ្យដឹងនៅក្នុងការអាប់ដេត ចុងក្រោយបង្អស់របស់ខ្លួនថា ការផ្គត់ផ្គង់ហ្គាសនៅក្នុងប្រទេសអាល្លឺម៉ង់បច្ចុប្បន្នមានស្ថេរភាពជាទូទៅ ប៉ុន្តែ “ស្ថានភាពកាន់តែអាក្រក់ទៅៗ មិនអាចត្រូវបានគេច្រានចោលនោះទេ” ហើយកន្លែងស្តុកឧស្ម័នរបស់ប្រទេសនេះ បច្ចុប្បន្នត្រូវបានបំពេញដល់ប្រហែល ៦៣ភាគរយនៃសមត្ថភាព៕ ប្រែសម្រួល ឈូក បូរ៉ា

To Top