បរទេស៖ ឧត្តមសេនីយ៍ Philip Breedlove អតីតមេបញ្ជាការកំពូលរបស់អង្គការអូតង់ ប្រចាំតំបន់អឺរ៉ុប ជឿជាក់ថា ស្ពានតភ្ជាប់តំបន់ Crimea ទៅកាន់តំបន់ផ្សេងទៀត នៃប្រទេសរុស្ស៊ី គឺជា “គោលដៅស្របច្បាប់” សម្រាប់អ៊ុយក្រែន។ លោក Breedlove បានប្រាប់កាសែត The Times ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងគៀវ មានសមត្ថភាពព្យាយាមវាយប្រហារលើស្ពានឆ្លងកាត់ច្រកសមុទ្រ Kerch ជាមួយនឹងកាំជ្រួចប្រឆាំងនាវា Harpoon ដែលផ្គត់ផ្គង់ដោយលោកខាងលិច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Breedlove ថា “ច្រកសមុទ្រ Kerch គឺជាគោលដៅស្របច្បាប់។ វាមិនធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទាល់តែសោះ ដែលរុស្ស៊ីព្រួយបារម្ភអំពីស្ពាន Kerch ។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ”។
ពេលនេះលោកខាងលិច បានផ្តល់កាំជ្រួចប្រភេទ Harpoon ដល់អ៊ុយក្រែន ខ្ញុំគិតថា រុស្ស៊ីមានហេតុផលទាំងអស់ ដែលត្រូវព្រួយបារម្ភអំពីអ៊ុយក្រែន បើកការវាយប្រហារលើស្ពាននេះ។
លោក Breedlove បានអះអាងថា ការវាយប្រហារអាចកើតមានឡើង នៅក្នុងការសងសឹកចំពោះទីក្រុងមូស្គូ ដែលរឹតបន្តឹង “ការបិទផ្លូវទ័ពជើងទឹក” របស់ខ្លួនលើអ៊ុយក្រែន ដោយលោក Breedlove បានអះអាងថា រុស្ស៊ីអាចនឹងឈានទៅដល់ការបាញ់ពន្លិចកប៉ាល់ដឹកជញ្ជូនស៊ីវិល ដែលដឹកគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា