បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថាទីក្រុងជាច្រើន របស់ប្រទេសអាល្លឺម៉ង់ កំពុងចាត់វិធានការ ត្រៀមមួយចំនួន ក្នុងពេលដែលរដូវរងា នឹងឈានចូលមកដល់កាន់តែឆាប់ខាងមុខ និងខណៈដែលមនុស្សជាច្រើន នឹងប្រឈមមុខគ្មានលុយ គ្រប់គ្រាន់ទិញហ្គាស ដើម្បីធ្វើការកំដៅនៅតាមផ្ទះ។
ហ្គាសកាន់តែតិច បានធ្វើឲ្យតម្លៃនៃថាមពល សម្រាប់ផលិតកំដៅ កាន់តែមានតម្លៃខ្លាំងឡើង ហើយក្នុងនោះគេជឿជាក់ថាពលរដ្ឋ អាល្លឺម៉ង់ មួយចំនួននឹងមិន មានលទ្ធភាពក្នុងការទទួលយកនោះទេ ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Bild កាលពីថ្ងៃអាទិត្យ។
ប្រភពដដែល ក៏បានបញ្ជាក់ដែរថា ទីក្រុងជាច្រើន បាននាំគ្នាអនុវត្តផែនការត្រៀមទុកជាមុន មួយ តាមរយៈការរៀបចំទីតាំង ផលិតកំដៅ សម្រាប់ពលរដ្ឋដែល នឹងមិនមានថាមពល ប្រើប្រាស់គ្រប់គ្រាន់។
គួរឲ្យដឹងដែរថា កាលពីខែមុន ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាស របស់រុស្សី Gazprom បានប្រកាសកាត់បន្ថយ ការបញ្ជូនហ្គាស តាមរយៈបំពង់បង្ហូរ Nort Stream ដល់ទៅ៤០ភាគរយ ហើយគេរំពឹងទុកថានឹងអាច កាត់ផ្តាច់ទាំងស្រុង នាពេលណាមួយទៀតផង៕
ប្រែសម្រួល៖ស៊ុនលី