ព័ត៌មានអន្តរជាតិ

អាមេរិក ស្វែងរកការលុបបំបាត់ ការចរចានុយក្លេអ៊ែរ ដោយការដាក់ទណ្ឌកម្មថ្មី

តេអេរ៉ង់៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិកស្វែងរក ការលុបបំបាត់ការចរចា ដែលមានគោលបំណង ធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ រស់ឡើងវិញ ឬផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដោយការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ៊ីរ៉ង់។

លោក Abbas Moqtadaei អនុប្រធានគណកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេស នៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេស នៃទីក្រុងមូស្គូបានឲ្យដឹងថា “ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនមួយចំនួន ដែលសហការជាមួយប្រទេសអ៊ីរ៉ង់ ខណៈពេលដែលការចរចាអំពី JCPOA កំពុងដំណើរការ បានបង្ហាញថា ពួកគេមិនស្វែងរក កិច្ចសហប្រតិបត្តិការនោះទេ ក្រៅតែពីការដាក់សម្ពាធ” ។

លោកត្រូវបានដកស្រង់សម្តីថា នេះបង្ហាញបន្ថែមទៀតពី “ភាពមិនគួរឱ្យទុកចិត្ត” របស់សហរដ្ឋអាមេរិក និងបង្ហាញថាពួកគេស្វែងរកការសម្រេច បាននូវគោលដៅរបស់ពួកគេ ដោយដាក់សម្ពាធបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក បៃដិន កាលពីថ្ងៃពុធបានប្រកាសជុំថ្មី នៃទណ្ឌកម្មប្រឆាំងនឹង “បណ្តាញអន្តរជាតិនៃបុគ្គល និងអង្គភាព” ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មជាមួយប្រេង និងផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់។ ការផ្លាស់ប្តូរថ្មីរបស់សហរដ្ឋអាមេរិក បានកើតឡើង ចំពេលដែលកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីជួយសង្គ្រោះ JCPOA ។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្ម លើប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្ម ជាឯកតោភាគីឡើងវិញ លើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយ ទម្លាក់ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ។

កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នា ខាងនយោបាយរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top