NARA ៖ ប្រភពស៊ើបអង្កេត បាននិយាយកាលពីថ្ងៃចន្ទថា ជនសង្ស័យនៅក្នុង ការបាញ់សម្លាប់អតីត នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រាប់ប៉ូលីសថា គាត់ជឿថា ជីតារបស់លោក Abe បាននាំក្រុមសាសនាមួយ មកប្រទេសជប៉ុន ដែលគាត់មានកំហឹង ប្រឆាំងនឹងក្រុមនេះ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមប្រភពបាននិយាយថា ប៉ូលីសសង្ស័យថា ជនសង្ស័យឈ្មោះ Tetsuya Yamagami អាយុ 41 ឆ្នាំ បានជឿលើព័ត៌មាន មិនគួរឱ្យទុកចិត្ត នៅលើ អ៊ីនធឺណិត ដែលជំរុញឱ្យគាត់បង្វែរ អរិភាពរបស់គាត់ ចំពោះអតីតនាយករដ្ឋមន្ត្រី Nobusuke Kishi ប្រឆាំង នឹងចៅប្រុសរបស់គាត់ (លោក Shinzo Abe ) ដែលត្រូវបានបាញ់ សម្លាប់ក្នុងអំឡុងពេលថ្លែង សុន្ទរកថាកាលពីថ្ងៃសុក្រ ។
ជនសង្ស័យ Yamagami បានពន្យល់ថា ម្តាយរបស់គាត់បានក្លាយ ជាអ្នកជឿលើសាសនា ដែលគាត់បានធ្វើ “ការបរិច្ចាគដ៏ធំ” ហើយគ្រួសាររបស់គាត់ “ដួលរលំ (ក្ស័យធន)” ដោយបន្ថែមថា គាត់បានកំណត់គោលដៅជា នាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរបំផុត របស់ប្រទេសជប៉ុន ដោយសារតែគាត់ជឿថា Abe មានទំនាក់ទំនង ជាមួយក្រុមសាសនេះ ។
ប្រភពបាននិយាយថា អតីតសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្រ និង ជាជនសង្ស័យរូបនេះ បានបដិសេធថា ការបាញ់ប្រហារសម្លាប់ ក្នុងអំឡុងពេលសុន្ទរកថា យុទ្ធនាការមួយនៅទីក្រុងណារ៉ា ភាគខាងលិចសម្រាប់ការបោះឆ្នោត សភាកាលពីថ្ងៃអាទិត្យ ថាជាហេតុផលនយោបាយ ផងដែរ ។
ក្រុមសាសនាដែលគេស្គាល់ថា មានជំនឿអភិរក្សនិយម មានដើមកំណើតនៅក្រៅប្រទេស ជាមួយនឹងអ្នកដើរតាមជាច្រើន នៅក្នុងប្រទេសជប៉ុន និងបានកសាងទំនាក់ទំនង ជាមួយអ្នកនយោបាយ ទូទាំងពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា