បរទេស៖ អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាចំនួនពលរដ្ឋ នៅទូទាំងសកលលោក នឹងមានការកើនឡើង ទៅដល់៨ពាន់លាននាក់ នៅត្រឹមពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ ហើយក្នុងនោះឥណ្ឌា នឹងវ៉ាដាច់ចិនក្លាយជាប្រទេស ដែលមានចំនួនពលរដ្ឋច្រើនជាងគេ បំផុត របស់ពិភពលោក។
របាយការណ៍របស់យូអិន ដែលបានប្រកាសកាលពីថ្ងៃចន្ទ បានធ្វើការព្យាករណ៍ថា ចំនួនពលរដ្ឋ របស់សកលលោកនឹងអាចកើនឡើង ទៅដល់៨,៥ពាន់លាននាក់នៅត្រឹមឆ្នាំ២០៣០ និង៩,៧ពាន់លាននាក់ នៅក្នុងឆ្នាំ២០៥០ ហើយប្រមាណជា១០,៤ពាន់លាននាក់ នៅឆ្នាំ២១០០។
យូអិនក៏បានបញ្ជាក់ដែរថា ការកើនឡើងយ៉ាងខ្លាំងក្លា បែបនេះ គឺបណ្តាលមកពីកត្តាសំខាន់ ដែលចំនួនពលរដ្ឋបាត់បង់ជិវិត មានការថយចុះចំណែក ឯអត្រារស់រានមានជីវិត មាន ការកើនឡើង ទៅដល់ជាមធ្យម៧២,៨ឆ្នាំ កាលពីឆ្នាំ២០១៩ ពោលគឺកើនឡើង ដល់ទៅ៩ឆ្នាំច្រើន ជាងកាលពីឆ្នាំ១៩៩០។
ទោះបីជាយ៉ាងណាក្តីយូអិន នៅតែបានបញ្ជាក់ដែរថា បញ្ហាចំបងធំចំពោះមុខ របស់ពិភពលោក ដែលបង្កគ្រោះថ្នាក់បំផុត នៅពេលនេះគឺជាវិបត្តិកូវីដ សង្គ្រាមហួរហែង បញ្ហាវិបត្តិមនុស្សធម៍ ព្រមទាំងបញ្ហាបម្រែបម្រួល អាកាសធាតុផងដែរ៕
ប្រែសម្រួល៖ស៊ុនលី