ព័ត៌មានអន្តរជាតិ

Update៖ ម្តាយរបស់ជនសង្ស័យ បាញ់ប្រហារលោក អាបេ ជាសមាជិក នៃព្រះវិហារបង្រួបបង្រួម នៅជប៉ុន

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា ម្តាយរបស់បុរសដែលត្រូវបានចាប់ខ្លួនពីបទសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) គឺជាសមាជិកនៃព្រះវិហារបង្រួបបង្រួម ។ ប្រធានព្រះវិហាររបស់ប្រទេសជប៉ុនបានលើកឡើងកាលពីថ្ងៃចន្ទ ។

ការស៊ើបអង្កេតរបស់ប៉ូលិស លើការធ្វើឃាត អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានជំរុញឱ្យប្រធានសាខា នៃសាសនាចក្របង្រួបបង្រួម របស់ប្រទេសនេះ បញ្ជាក់កាលពីថ្ងៃចន្ទថា ម្តាយរបស់ជនសង្ស័យ ក្នុងការសម្លាប់នេះគឺជាសមាជិក ។

លោក Tetsuya Yamagami អាយុ៤១ឆ្នាំ ដែលគ្មានការងារធ្វើ ត្រូវបានប៉ូលិសកំណត់ អត្តសញ្ញាណថា ជាជនសង្ស័យ ដែលបានចូលទៅជិតលោក Abe និងបានបាញ់ប្រហារ ក្នុងអំឡុងពេលសុន្ទរកថា យុទ្ធនាការកាលពីថ្ងៃសុក្រ ដែលជាការវាយប្រហារ ដែលត្រូវបានថតតាមវីដេអូ និងធ្វើឱ្យប្រទេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលអំពើហិង្សា ដោយកាំភ្លើងកម្រកើតមានឡើងណាស់ ។

លោក Yamagami ជឿជាក់ថា លោក Abe បានផ្សព្វផ្សាយក្រុមសាសនាមួយ ដែលម្តាយរបស់គាត់បានធ្វើ “ការបរិច្ចាគដ៏ធំ” ដោយដកស្រង់ប្រភពស៊ើបអង្កេត ។ កាសែត Yomiuri និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា លោក Yamagami បានប្រាប់ដល់ប៉ូលិសថា ម្តាយរបស់គាត់បានក្ស័យធនពីការបរិច្ចាគនេះ ។

លោក Tomihiro Tanaka ប្រធានសាខាប្រទេសជប៉ុន នៃសហព័ន្ធគ្រួសារដើម្បីសន្តិភាព និងការបង្រួបបង្រួមពិភពលោក ដែលត្រូវបានគេស្គាល់ថា ជាព្រះវិហារបង្រួបបង្រួម បានប្រាប់ អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសង្ខេបមួយ នៅទីក្រុងតូក្យូថា ម្តាយរបស់ Yamagami គឺជាសមាជិកនៃព្រះវិហារ ។ គាត់មិនបានប្រាប់ឈ្មោះនាងទេ ។

លោក Tanaka បានបដិសេធ មិនធ្វើអត្ថាធិប្បាយលើការបរិច្ចាគ របស់នាងដោយលើកឡើង ពីការស៊ើបអង្កេតរបស់ប៉ូលិស ដែលកំពុងបន្ត ។

លោក Tanaka បានលើកឡើងថា ទាំងលោក Abe និងបុរសដែលត្រូវបានចាប់ខ្លួន សម្រាប់ការបាញ់ របស់គាត់មិនមែនជាសមាជិកនៃព្រះវិហារនោះទេ ។ លោក Tanaka បានអះអាងថា លោក Abe ក៏មិនមែនជាទីប្រឹក្សា ព្រះវិហារដែរ ដោយលោកបានបន្ថែមថា ព្រះវិហារនឹងសហការជាមួយប៉ូលិស លើការស៊ើបអង្កេត ប្រសិនបើត្រូវបានស្នើសុំឱ្យធ្វើដូច្នេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top