តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា សមាជិកសភាអ៊ីរ៉ង់មួយរូប បានលើកឡើងកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មរបស់ ប្រទេសលោកខាងលិចមកលើអ៊ីរ៉ង់ និងរុស្ស៊ី បានធ្វើឱ្យភាគីទាំង ២កាន់តែចាប់ដៃគ្នា ស្អិតល្មួតលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។
លោក Ebrahim Rezaei សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានថ្លែងថា អ៊ីរ៉ង់ និងរុស្ស៊ីកំពុងផ្តល់គ្នាទៅវិញទៅមក នូវផលិតផលដែលពួកគេមិនអាចទទួលបាន ដោយសារតែការដាក់ទណ្ឌកម្ម ។
លោកបានថ្លែងទៀតថា ទណ្ឌកម្មពិសេសដែលដាក់លើរុស្ស៊ី បន្ទាប់ពីមានជម្លោះជាមួយអ៊ុយក្រែន ជួយទីក្រុងតេហរ៉ង់ និងម៉ូស្គូធ្វើកំណែទម្រង់ពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេ ដូចជាការលុបបំបាត់ប្រាក់ដុល្លារអាមេរិក នៅក្នុងប្រតិបត្តិការរបស់ពួកគេ។
លោក Rezaei បានកត់សម្គាល់ថា ពាណិជ្ជកម្មរវាងអ៊ីរ៉ង់ និងរុស្ស៊ីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីប្រធានាធិបតី Ebrahim Raisi ចូលកាន់តំណែងក្នុងខែសីហា ឆ្នាំ២០២១ ។
គេបានដឹងថា អ៊ីរ៉ង់ជាគោលដៅនៃការដាក់ទណ្ឌកម្ម របស់អាមេរិកអស់រយៈពេល ៤ទសវត្សរ៍មកហើយ។ ការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង បន្ទាប់ពីការដកខ្លួនជាឯកតោភាគី របស់ទីក្រុងវ៉ាស៊ីនតោនក្នុងខែឧសភា ឆ្នាំ២០១៨ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ ទេសាភិបាលធនាគារកណ្តាលនៃប្រទេសអ៊ីរ៉ង់ លោក Ali Salehabadi បានលើកឡើងថា កិច្ចព្រមព្រៀងធនាគារសំខាន់ៗ ជាច្រើនត្រូវបានឈានដល់រវាងទីក្រុងតេហរ៉ង់ និងទីក្រុងម៉ូស្គូ រួមទាំងបញ្ហាទាក់ទងនឹងការប្រើប្រាស់ រូបិយប័ណ្ណជាតិក្នុងពាណិជ្ជកម្មផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា