ព័ត៌មានអន្តរជាតិ

ចិន និងអាមេរិក គួរតែចូលរួម ក្នុងអន្តរកម្ម ប្រកបដោយសុខភាពល្អ នៅអាស៊ីប៉ាស៊ីហ្វិក

ប៉េកាំង ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា ប្រទេសចិន និង សហរដ្ឋអាមេរិក គួរតែចូលរួមក្នុងអន្តរកម្ម ប្រកបដោយសុខភាពល្អ នៅក្នុងអាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Wang Yi បានធ្វើការកត់សម្គាល់ នៅពេលត្រូវបានសួរអំពីការប៉ុនប៉ង របស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ក្នុងការពង្រឹង និងពង្រីកវត្តមាន និងឥទ្ធិពលរបស់ពួកគេនៅក្នុងតំបន់ នៅពេលដែលលោកបានធ្វើសុន្ទរកថា គោលនយោបាយជាមួយ Q&A នៅលេខាធិការដ្ឋានអាស៊ាន។

លោក Wang បានលើកឡើងថា ប្រទេសចិនតែងតែបើកចំហ ចំពោះការចូលរួមរបស់ប្រទេសផ្សេងទៀត នៅក្នុងកិច្ចការអាស៊ីប៉ាស៊ីហ្វិក ដោយបន្ថែមថា គន្លឹះគឺថាតើសកម្មភាព របស់ពួកគេមានភាព អំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ឬព្យាយាមបង្កភាពតានតឹង និងការប្រឈមមុខដាក់គ្នា ។

អំណោយផលដល់ការលើកកម្ពស់ ការអភិវឌ្ឍន៍ និងការរស់ឡើងវិញក្នុងតំបន់ ឬស្វែងរកការបំបែក និង ផ្តាច់ទំនាក់ទំនង ។ អំណោយផលដល់ការពង្រឹងឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឬព្យាយាមមានវិធីផ្ទាល់ខ្លួន ឬសូម្បីតែបង្កើត ការបែកបាក់។

លោកបានបន្ដថា គេជឿថា ប្រជាជន នៅគ្រប់ប្រទេស ក្នុងតំបន់នឹងមានការវិនិច្ឆ័យរៀងៗខ្លួន ហើយប្រវត្តិសាស្ត្រ នឹងធ្វើការវាយតម្លៃ ដោយយុត្តិធម៌លើរឿងនេះ។

លោក Wang បានឲ្យដឹងនៅពេលលោក បានជួបជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken នៅកោះបាលីនៅថ្ងៃមុននោះ លោកបានស្នើឱ្យ ប្រទេសចិន និងសហរដ្ឋអាមេរិក ស្វែងយល់ពីការបង្កើតច្បាប់ សម្រាប់អន្តរកម្មប្រកបដោយសុខភាពល្អ រវាងភាគីទាំងពីរ នៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីអនុវត្តតំបន់និយមបើកចំហ ។

ធាតុស្នូលនៃច្បាប់ គឺដើម្បីគាំទ្រទីតាំង កណ្តាលរបស់អាស៊ាន និងរក្សាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានស្រាប់។ គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន និងសហរដ្ឋអាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក និងមិនប្រកាន់អរិភាព ឬដាក់ភាគីម្ខាងទៀតជាគោលបំណង។

លោកបានបន្តថែមថា ចិននឹងដើរតួនាទី ជាប្រទេសសំខាន់មួយ ដែលមានការទទួលខុសត្រូវ លើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងផ្តល់ទំនិញ សាធារណៈ បន្ថែមទៀត សម្រាប់ប្រទេសទាំង អស់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top