គៀវ៖ នាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Denys Shmyhal បានស្វាគមន៍ ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការផ្តល់កញ្ចប់ជំនួយថ្មី ដល់អ៊ុយក្រែនចំនួន ១ពាន់លានអឺរ៉ូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
ជំនួយដែលត្រូវបានអនុម័ត ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃរដ្ឋជាសមាជិកសហភាព អឺរ៉ុបនៅមុនថ្ងៃនោះ នឹងជួយអ៊ុយក្រែនក្នុងការរក្សាស្ថិរភាព ហិរញ្ញវត្ថុចំពេលមានជម្លោះជាមួយរុស្ស៊ី នេះបើតាមលោក Shmyhal បានសរសេរ នៅលើបណ្ដាញ Telegram ។
លោក Shmyhal បានលើកឡើងថា ប្រទេស អ៊ុយក្រែន ក៏មានគម្រោងទាក់ទាញ ប្រាក់រហូតដល់ ២០០លានអឺរ៉ូ លើលក្ខខណ្ឌអនុគ្រោះ ពីប្រទេសអ៊ីតាលី ផងដែរ។
នៅព្រឹកថ្ងៃដដែល ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បាននិយាយថា ក្រុងគៀវ បានទទួលជំនួយចំនួន ១,៧ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ហើយនឹងប្រើប្រាស់វា ដើម្បីរ៉ាប់រងការចំណាយថវិការដ្ឋ សម្រាប់សេវាវេជ្ជសាស្រ្តក្រោមកម្មវិធី ធានាផ្នែកវេជ្ជសាស្ត្រ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serhiy Marchenko បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ សាធារណៈមួយកាលពីខែមុនថា គៀវ គ្រោងនឹងរៃអង្គាសប្រាក់ចំនួន ២០ពាន់លានដុល្លារ ជាជំនួយអន្តរជាតិពីដៃគូលោកខាងលិច របស់ខ្លួននៅចុងឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា