ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសហភាពអឺរ៉ុប ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងស្វាគមន៍ក្រូអាត ចូលទៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ

ព្រុចសែល៖ ស្ថានភាពសេដ្ឋកិច្ចនៅអឺរ៉ុប និងជាពិសេសផលប៉ះពាល់ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការអនុម័តលើប្រាក់អឺរ៉ូ ដែលបានគ្រោងទុក ដោយប្រទេសក្រូអាត បានក្លាយជារបៀបវារៈ នៃកិច្ចប្រជុំនៅទីនេះកាលពីថ្ងៃអង្គារ នៃរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសសមាជិកសហភាពអឺរ៉ុប។

ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ECOFIN) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឆេក Zbynek Stanjura បានបង្ហាញអំពីអាទិភាព របស់សាធារណរដ្ឋឆេក ក្នុងអំឡុងពេល ៦ខែបន្ទាប់ នៃការធ្វើជាប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប ដែលរួមមានការអនុវត្ត ឧបករណ៍ស្តារ និងធន់ (RRF) និងកញ្ចប់ RePowerEU; បញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើឥន្ធនៈហ្វូស៊ីលរុស្ស៊ី ការត្រលប់ ទៅវិន័យសារពើពន្ធ និងបញ្ចប់ការអនុវត្តពន្ធអប្បបរមាសកល ។

ក្រុមប្រឹក្សាបានសម្រេចផ្តល់ ១ពាន់លានអឺរ៉ូ (ជាង ១ពាន់លានដុល្លារអាមេរិក) ជាជំនួយផ្នែកម៉ាក្រូហិរញ្ញវត្ថុ បន្ថែមដល់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រដ្ឋមន្ត្រីក៏បានអនុម័តច្បាប់ចុងក្រោយចំនួន ៣ ដែលអាចឱ្យក្រូអាត អាចចូលរួមជាមួយតំបន់ចាយប្រាក់ អឺរ៉ូជាសមាជិកទី២០ របស់ខ្លួន និងណែនាំប្រាក់អឺរ៉ូជារូបិយប័ណ្ណ របស់ខ្លួននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ។

លោក Stanjura បានលើកឡើងថា “ក្រូអាតបានបញ្ចប់ដោយ ជោគជ័យនូវលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ចដែលត្រូវការទាំងអស់ ហើយពួកគេនឹងបង់ប្រាក់ជាអឺរ៉ូ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣”។

លោក Valdis Dombrovskis បានលើកឡើងថា “ការប្រើប្រាស់ប្រាក់អឺរ៉ូ នឹងធ្វើឱ្យមានភាពងាយស្រួល ក្នុងការវិនិយោគនៅក្នុងប្រទេស។ វានឹងកាត់បន្ថយឧបសគ្គសម្រាប់អាជីវកម្ម និងដកចេញនូវការចំណាយ លើការផ្លាស់ប្តូររូបិយប័ណ្ណ។ វាអាចជួយធ្វើឱ្យអត្រាការប្រាក់មានស្ថេរភាព ធ្វើឱ្យវាកាន់តែងាយស្រួល និងថោកសម្រាប់មនុស្ស និងក្រុមហ៊ុនក្នុងការខ្ចី” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top