បរទេស ៖ មន្ត្រីដែលបានតែងតាំង ដោយរុស្ស៊ីក្នុងតំបន់បាននិយាយថា មនុស្ស៥នាក់បានស្លាប់ និង យ៉ាងហោចណាស់ ៨០ នាក់ផ្សេងទៀត បានរងរបួសក្នុងការបាញ់ផ្លោងក្នុងទីក្រុង Novaya Kakhovka ដោយកងកម្លាំងអ៊ុយក្រែន ។ ទីក្រុងនេះស្ថិតនៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយត្រូវបានគ្រប់គ្រង ដោយទីក្រុងម៉ូស្គូ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kirill Stremousov អនុប្រធានតំបន់ បានប្រាប់ RIA Novosti ថា មនុស្ស ៧នាក់កំពុងបាត់ខ្លួនផងដែរ។
លោក Vladimir Leontyev ប្រធានរដ្ឋបាល Novaya Kakhovka បាននិយាយថា ដេប៉ូស្តុក ជីមួយកន្លែង បានផ្ទុះដែលកើតចេញពី ការបាញ់ផ្លោងកាលពីថ្ងៃច័ន្ទ ហើយផ្ទះជាច្រើនខ្នងត្រូវបានខូចខាត ក៏ដូចជាកន្លែងជនស៊ីវិល ផ្សេងទៀត រួមទាំងផ្សារ និងមន្ទីរពេទ្យផងដែរ។
លោក Natalya Zarya ដែលជាអ្នកសម្របសម្រួលការ ផ្តល់ជំនួយមនុស្សធម៌ទៅកាន់ទីក្រុង បាននិយាយថា កន្លែងស្តុកទុកមួយដែលមានជំនួយចំនួន 35 តោន រួមទាំងអាហារក៏ត្រូវ បានបំផ្លាញផងដែរ ។
មន្ត្រីក្នុងតំបន់បានអះអាងថា កងទ័ពអ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ុក្កែត HIMARS ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទីក្រុង៕
ប្រែសម្រួលៈ ណៃ តុលា