ព័ត៌មានអន្តរជាតិ

Update:កូរ៉េខាងជើង ក្លាយជាប្រទេសទី៣ ដែលទទួលស្គាល់សាធារណរដ្ឋ Donbass ដែលបំបែកពី អ៊ុយក្រែន

បរទេស ៖ ប្រទេសកូរ៉េខាងជើង បានក្លាយជាសមាជិកអង្គការ សហប្រជាជាតិទីបីហើយ ដែលបានទទួលស្គាល់ឯករាជ្យភាព របស់សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ។ សមាជិកម្នាក់ នៃបេសកកម្មការទូត របស់កូរ៉េខាងជើង នៅទីក្រុងមូស្គូ បានបញ្ជាក់ ពីការ ទទួលស្គាល់នេះ ជាមួយនឹងទីភ្នាក់ងារ សារព័ត៌មាន RIA កាលពីថ្ងៃពុធ ។ សាធារណរដ្ឋ Donbass ទាំងពីរត្រូវបានទទួលស្គាល់ ដោយរុស្ស៊ី និងស៊ីរី រួចហើយផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីការទូតកូរ៉េខាងជើងម្នាក់ បានប្រាប់ RIA ថា “នៅព្រឹកនេះ មានកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ហើយលោកស្រី បានទទួលកំណត់ចំណាំ ដែលបង្ហាញថា យើងទទួលស្គាល់ឯករាជ្យភាព របស់ DPR” ។

ស្ថានទូត DPR នៅទីក្រុងមូស្គូ បានបញ្ជាក់ ពីជំនួបនេះ ហើយបានចេញផ្សាយរូបថត របស់បេសកជន Olga Makeeva ដែលទទួលបានកំណត់ចំណាំ ពីឯកអគ្គរដ្ឋទូត កូរ៉េខាងជើង ប្រចាំនៅទីក្រុងមូស្គូ លោក Sin Hong-chol ។ សេចក្តីថ្លែងការណ៍របស់ស្ថាន ទូតបានសរសេរថា៖ «ភាគីទាំងពីរ បានយល់ព្រមចាត់វិធានការ បន្ថែមទៀតក្នុងការបង្កើត ទំនាក់ទំនងការទូត»។

មេដឹកនាំ DPR លោក Denis Pushilin ក៏បានថ្លែងអំណរគុណដល់ទីក្រុងព្យុងយ៉ាងសម្រាប់ “ការគាំទ្រដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រជាជន Donbass” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top