បរទេស៖ ក្រសួងការបរទេសអាមេរិកជឿជាក់ថា ប្រទេសចិន និងឥណ្ឌា ដែលជាអ្នកទិញប្រេងសំខាន់ៗ របស់រុស្ស៊ីនាពេលបច្ចុប្បន្ន គួរតែជាផ្នែកមួយនៃ យន្តការកំណត់តម្លៃប្រេង ដែលបានស្នើឡើង នេះបើតាមជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស សម្រាប់ការិយាល័យកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី លោកស្រី Molly Montgomery បាននិយាយកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា លោកស្រី Montgomery បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានថា “ចិន និងឥណ្ឌា គឺជាអ្នកនាំចូលប្រេងពីរុស្ស៊ី ហើយខ្ញុំអាចនិយាយបានថា យើងកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូ និងសម្ព័ន្ធមិត្ត ដើម្បីជួយបង្កើតសំណើ កំណត់តម្លៃប្រេងរុស្ស៊ី” ។
លោកស្រីបានបន្ថែមថា “យើងមើលឃើញ [តម្លៃ] នេះថាជាឱកាសសម្រាប់ ប្រទេសនានាដើម្បីធ្វើអ្វីមួយ ជាផលប្រយោជន៍អន្តរជាតិ ដើម្បីចំណាយតិចសម្រាប់ការនាំចូលថាមពល និងធ្វើឱ្យទីផ្សារប្រេងពិភពលោកមានស្ថិរភាព ដូច្នេះប្រទេសនានាគួរតែចាប់អារម្មណ៍”។
យោងតាមឧបការីរងអាមេរិក ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងធុរកិច្ច Erik Woodhouse ការចូលរួមរបស់ទាំងចិន និងឥណ្ឌាក្នុងកិច្ចព្រមព្រៀង អាចបញ្ចុះបញ្ចូលប្រទេស ផ្សេងទៀតឱ្យចូលរួម ៕
ប្រែសម្រួលៈ ណៃ តុលា