ព័ត៌មានអន្តរជាតិ

Update៖ បណ្តាប្រទេសចំនួន៤៥ សន្យាថានឹងចូលរួមសម្របសម្រួល ក្នុងការស៊ើបអង្កេតលើ បទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន

ក្រុងឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក និងប្រទេសជាង ៤០ផ្សេងទៀតបានព្រមព្រៀងគ្នា ដើម្បីសម្របសម្រួលការ ស៊ើបអង្កេតលើការសង្ស័យថា ជាឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ភ្លាមៗបន្ទាប់ពីអ្វីដែលទីក្រុង គៀវ បានអះអាងថា គឺជាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានសម្លាប់ជនស៊ីវិលនៅឆ្ងាយពីជួរមុខ ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់សន្និសីទអន្តរជាតិថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារ មជ្ឈមណ្ឌលសហគមន៍ចំនួន២ នៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ២០នាក់ ក្នុងនោះមានកុមារ៣នាក់ និងជាច្រើននាក់ទៀតបានរងរបួស ។

រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀត នូវការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្រ្គាម និងចេតនាដាក់គោលដៅលើជនស៊ីវិល ចាប់តាំងពីខ្លួនបានចូល ឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ។ រុស្ស៊ី បានអះអាងថា ខ្លួនបានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” ដើម្បីការពារអ្នកនិយាយរុស្ស៊ី និងកម្ចាត់អ្នកជាតិនិយមដ៏គ្រោះថ្នាក់ ។ អ៊ុយក្រែន បានអះអាងថា ទីក្រុងម៉ូស្គូកំពុងធ្វើសង្រ្គាមដណ្តើម យកទឹកដីដោយមិនញញើតនរណាឡើយ ។

លោក Zelenskiy បានថ្លែងថា “ថ្ងៃនេះនៅពេលព្រឹក មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារទីក្រុង Vinnytsia ដែលជាទីក្រុងធម្មតា និងសន្តិភាពរបស់យើង ។ មីស៊ីលបានផ្លោងដោយវាយប្រហារ មកលើមូលដ្ឋានសហគមន៍ចំនួន២ ផ្ទះត្រូវបានបំផ្លាញ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ១កន្លែងត្រូវបានបំផ្លាញ រថយន្ត និងរថភ្លើងត្រូវបានដុត” ។ តាមតំណវីដេអូ ។ “នេះជាអំពើភេរវកម្មរបស់រុស្ស៊ី” ។

ក្រសួងការពារជាតិរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ លើរបាយការណ៍ពីក្រុង Vinnytsia នៅឡើយទេ ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចំនួន៤៥ នៅក្នុងសន្និសីទនៅទីក្រុងឡាអេ ដែលជាទីស្នាក់ការកណ្តាល របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចុះហត្ថលេខាលើ សេចក្តីប្រកាសនយោបាយ ដើម្បីធ្វើការរួមគ្នាលើការស៊ើបអង្កេតលើ ឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ។

ប្រទេសទាំងនោះរួមមានរដ្ឋសហភាពអឺរ៉ុប ក៏ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក និងអូស្ត្រាលី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top