ព័ត៌មានអន្តរជាតិ

អាហ្សង់ទីន ជំរុញឱ្យសមាជិក G20 ស្វែងរកដំណោះស្រាយរួមគ្នា ចំពោះអតិផរណាពិភពលោក

អាហ្សង់ទីន៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន Silvina Batakis កាលពីថ្ងៃសុក្របានជំរុញឱ្យ ក្រុមប្រទេសសមាជិកទាំង២០ (G20) ស្វែងរកដំណោះស្រាយរួមគ្នា ចំពោះការកើនឡើងអតិផរណា នៅទូទាំងពិភពលោក។

លោក Batakis បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់នាងទៅកាន់ការប្រមូលផ្តុំនិម្មិត របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងប្រធានធនាគារកណ្តាលថា “ការកើនឡើងនៃអតិផរណាពិភពលោក និងជាពិសេសតម្លៃអាហារ និងថាមពល គឺមិនត្រឹមតែបង្កើនអសន្តិសុខស្បៀងអាហារ និងថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានវិសមភាពសកលផងដែរ”។

លោកBatakis ត្រូវបានដកស្រង់សម្តី ដោយបានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចថា ការកើនឡើងតម្លៃ “កំពុងកើតឡើងនៅក្នុងបរិបទនៃ វិសមភាពដែលកំពុងកើនឡើង ជាលទ្ធផលនៃវិបត្តិជំងឺកូវីដ-១៩ និងសមត្ថភាពឆ្លើយតបផ្សេងៗគ្នា នៃសេដ្ឋកិច្ចផ្សេងៗគ្នា”។

បញ្ហាប្រឈមជាសកលត្រូវតែ ដោះស្រាយតាមរយៈពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិ ដោយលោក Batakis បានសង្កត់ធ្ងន់ថា “ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកកាន់តែ ស្មុគស្មាញក្នុងប៉ុន្មានខែថ្មីៗនេះ ដែលជះឥទ្ធិពលដោយផ្ទាល់ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច”។

លោក Batakis បានបានបន្ថែមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺចាំបាច់ដើម្បីកាត់បន្ថយផល ប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច ជាពិសេសលើប្រទេសកំពុងអភិវឌ្ឍន៍ ហើយ “វេទិកានេះមានសារៈសំខាន់ក្នុងការ ងើបឡើងកាន់តែខ្លាំងពីវិបត្តិ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top