ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល អ៊ីតាលី ប្រឈមនឹងភាព មិនប្រាកដប្រជា ជុំវិញការបដិសេធ ការលាលែងពីតំណែង របស់ នាយករដ្ឋមន្ត្រី

រ៉ូម ៖ ប៉ុន្មានថ្ងៃខាងមុខនេះ មើលទៅហាក់ដូចជា មានពពកដោយភាព មិនប្រាកដប្រជា សម្រាប់រដ្ឋាភិបាល របស់ប្រទេសអ៊ីតាលី ខណៈដែលនាយករដ្ឋមន្ត្រី របស់ប្រទេសនេះ បានស្នើសុំការលាលែង ពីតំណែងរបស់លោក ប៉ុន្ដែមានការបដិសេធ ដោយប្រមុខរដ្ឋ។

នាយករដ្ឋមន្ត្រីលោក Mario Draghi ដែលការលាលែង ពីតំណែងត្រូវបានបដិសេធ ដោយប្រធានាធិបតីលោក Sergio Mattarella កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ឥឡូវនេះ ត្រូវបានគេរំពឹងថា នឹងថ្លែង ទៅកាន់សភាអ៊ីតាលី និងទទួលបានការគាំទ្រ នៅសប្តាហ៍ក្រោយ នៅក្នុងអ្វីដែលនឹងក្លាយជា ពេលវេលាដ៏សំខាន់ សម្រាប់រដ្ឋាភិបាល។

អ្នកវិភាគឲ្យដឹងថា បញ្ហាកណ្តាលគឺថាតើលោក Draghi នឹងបន្តទទួលបានការគាំទ្រ ពេញទំហឹងពីចលនាផ្កាយប្រាំ ដែលមានប្រជាប្រិយភាព ដែលជាសមាជិកជាន់ខ្ពស់ នៃសម្ព័ន្ធដែលកំពុងកាន់ អំណាចបច្ចុប្បន្នដែរឬទេ ។

គណបក្សនេះ បានបំបែកជាពីរ ក្រុមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីរដ្ឋមន្ត្រី ការបរទេស Luigi Di Maio បានចាកចេញ ជាមួយសមាជិកសភា រាប់សិបនាក់ ដើម្បីស្វែងរកចលនាថ្មី “រួមគ្នា ដើម្បី អនាគត”។

កាលពីថ្ងៃព្រហស្បតិ៍ លោក Draghi បានសម្រេចចិត្តលាលែង ពីតំណែង ជាផ្លូវការ បន្ទាប់ពីចលនាផ្កាយប្រាំ បានធ្វើពហិការការបោះឆ្នោត ទំនុកចិត្តលើសេចក្តីព្រាងច្បាប់ ផ្តល់ជំនួយសង្គ្រោះរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង នឹងការឡើងថ្លៃនៃតម្លៃទំនិញ នៅក្នុងព្រឹទ្ធសភា។

មុនពេលបោះឆ្នោត អតីតនាយករដ្ឋមន្ត្រី Giuseppe Conte ដែលជាមេដឹកនាំចលនា ផ្កាយប្រាំ បានព្រមានថា គណបក្សនឹងទាញការ គាំទ្ររបស់ខ្លួន សម្រាប់លោក Draghi ប្រសិនបើរដ្ឋាភិបាល មិនផ្លាស់ប្តូរ គោលនយោបាយលើប្រធាន បទមួយចំនួន រួមទាំងកំណែទម្រង់សេដ្ឋកិច្ច និងការងារ និងការគ្រប់គ្រងកាកសំណល់ និងគោលនយោបាយ ។

លោក Salvatore Vassallo អ្នកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Bologna បានប្រាប់ស៊ិនហួ ថា “ទាំងនេះ គឺជាពេលវេលាដ៏ស្មុគស្មាញ និងលំបាក ហើយក្នុងកម្រិតខ្លះ អ្នកសង្កេត ការណ៍ ជិតស្និទ្ធបានរំពឹងថា នឹងមានវិបត្តិរដ្ឋាភិបាលមួយរយៈ ប៉ុន្តែវាមិនមានន័យថា វាងាយស្រួលក្នុង ការទស្សន៍ទាយអ្វីដែល នឹងកើតឡើងនោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top