ព័ត៌មានអន្តរជាតិ

យូអិន កំពុងស្វែង រកដំណោះស្រាយ បន្ទាប់ពីអេហ្ស៊ីប ផ្អាកការចូលរួមក្នុង បេសកកម្មរក្សា សន្តិភាពម៉ាលី

យូអិន ៖ អ្នកនាំពាក្យបានឲ្យដឹងថា អង្គការសហប្រជាជាតិ កំពុងពិភាក្សាជាមួយរដ្ឋាភិបាលអេហ្ស៊ីប បន្ទាប់ពីទីក្រុងគែរ បានប្រកាសផ្អាកការចូលរួម របស់ខ្លួនក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។

បេសកកម្មអចិន្ត្រៃយ៍ របស់អេហ្ស៊ីបប្រចាំអង្គការសហប្រជាជាតិ បានជូនដំណឹង ដល់ស្ថាប័នពិភពលោកថា អេហ្ស៊ីប នឹងផ្អាកសកម្មភាព របស់ខ្លួនជាបណ្តោះអាសន្ន ក្នុងការគាំទ្របេសកកម្មរក្សា សន្តិភាពនៅប្រទេសម៉ាលី ចាប់ពីថ្ងៃទី១៥ ខែសីហា នេះបើតាមការបញ្ជាក់របស់លោក Farhan Haq អ្នកនាំពាក្យរង របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres ។

ការសម្រេចចិត្តរបស់អេហ្ស៊ីប បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអាជ្ញាធរម៉ាលី បានបញ្ជាឱ្យផ្អាកការបង្វិលកងរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Haq បានលើកឡើងថា “ការសម្រេចចិត្តរបស់ (អេហ្ស៊ីប) គឺទាក់ទងទៅនឹងការព្រួយបារម្ភ អំពីការកើនឡើង នៃការវាយប្រហារលើកង រក្សាសន្តិភាពអេហ្ស៊ីប ដែលអមដំណើរក្បួនផ្គត់ផ្គង់មូលដ្ឋាននៅកណ្តាល និងភាគខាងជើងប្រទេសម៉ាលី” ។

ទាហានអេហ្ស៊ីប ៧នាក់ ត្រូវបានសម្លាប់ តាំងពីដើមឆ្នាំមក ។ លោកបានលើកឡើងថា សុវត្ថិភាព និងសន្តិសុខនៃកងរក្សាសន្តិភាព គឺជាអាទិភាពកំពូល និងសំខាន់ ដើម្បីធានាថា អង្គការសហប្រជាជាតិ អាចបំពេញការងារ ដែលមានកាតព្វកិច្ច ដើម្បីការពារជនស៊ីវិល និងកសាងសន្តិភាពនៅក្នុងប្រទេសម៉ាលី និងបេសកកម្មរក្សា សន្តិភាពផ្សេងទៀតទាំងអស់ ។

លោកបានបន្ថែមថា “យើងគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសេវាកម្ម និងការលះបង់យ៉ាងសំខាន់របស់អេហ្ស៊ីប និងប្រទេសដទៃទៀត ដែលរួមចំណែកបុគ្គលិក ឯកសណ្ឋាន ក្នុងបេសកកម្មរបស់យើង ដែលប្រតិបត្តិការក្នុងស្ថានភាពលំបាក និងគ្រោះថ្នាក់ជាញឹកញាប់” ។ “អង្គការសហប្រជាជាតិ កំពុងធ្វើការយ៉ាងជិត ស្និទ្ធជាមួយអេហ្ស៊ីប ដើម្បីដោះស្រាយបញ្ហានេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top