ព័ត៌មានអន្តរជាតិ

Bloomberg៖ ប្រទេសចិន នឹងយល់ព្រមផ្តល់ជំនួយ ចំនួន៤ពាន់លានដុល្លារ ដល់ប្រទេសស្រីលង្កា

បរទេស៖ ប្រទេសស្រីលង្កា កំពុងបន្តការចរចាជាមួយប្រទេសចិន សម្រាប់ជំនួយចំនួន៤ពាន់លានដុល្លារអាមេរិក ហើយប្រទេសនេះមានទំនុកចិត្តថា ទីក្រុងប៉េកាំង នឹងយល់ព្រម “នៅពេលណាមួយ” ។ នេះបើតាមសារព័ត៌មាន Bloomberg News បានរាយការណ៍ កាលពីថ្ងៃសុក្រ (ខែកក្កដា 15) ដោយដកស្រង់សម្តី ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំប្រទេសចិន។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Palitha Kohona ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំប្រទេសចិន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា រដ្ឋាភិបាលទីក្រុង Colombo កំពុងស្នើសុំឱ្យប្រទេសចិនផ្តល់ប្រាក់កម្ចីចំនួន ១ពាន់លានដុល្លារអាមេរិក ដើម្បីសងបំណុលដែលស្មើនឹងចំនួនបំណុលចិនដែលនឹងមកដល់នៅឆ្នាំនេះ។

លោក Kohona បានបន្ថែមថា ប្រទេសស្រីលង្កាក៏កំពុងស្វែងរកបណ្តាញឥណទានចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ដើម្បីទូទាត់សម្រាប់ការនាំចូលរបស់ចិន និងការធ្វើឱ្យសកម្មនូវការផ្លាស់ប្តូរចំនួន ១,៥ ពាន់លានដុល្លារអាមេរិក។

របាយការណ៍បានដកស្រង់សំដីរបស់លោក Kohona ថា “យើងមានទំនុកចិត្ត ថានៅចំណុចណាមួយ ប្រព័ន្ធចិននឹងយល់ព្រម ចំពោះសំណើរបស់យើង ពីព្រោះទាំងនេះមិនមែនជាសំណើដែលមិនសមហេតុផលនោះឡើយ” ។

លោកបានបន្ថែមថា “យើងបានធ្វើសំណើស្រដៀងគ្នានេះ ទៅកាន់ម្ចាស់បំណុលដទៃទៀត។ ប្រទេសស្រីលង្កាត្រូវការមូលនិធិ ដើម្បីនាំមកនូវស្ថេរភាព ដល់ប្រព័ន្ធហិរញ្ញវត្ថុ របស់យើង ហើយយើងមានទំនុកចិត្តថា ចិននឹងចូលមកក្នុងភាគីក្នុងពេលឆាប់ៗនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top