បរទេស៖ យោធាអ៊ីរ៉ង់ បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងការគំរាម កំហែងប្រទេសនេះ បន្ទាប់ពីប្រធានាធិបតី លោក Joe Biden បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹង “ប្រើប្រាស់ធាតុទាំងអស់ នៃអំណាចជាតិរបស់ខ្លួន” ដើម្បីរារាំងទីក្រុង Tehran ពីការទទួលបាន អាវុធនុយក្លេអ៊ែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី16 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា លោក Abolfazl Shekarchi អ្នកនាំពាក្យកងកម្លាំង ប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា “អាមេរិក និងពួក Zionists ឬ អ្នកគាំទ្រលិទ្ធិហ្សាអឺន ដឹងយ៉ាងច្បាស់ពីតម្លៃ សម្រាប់ការប្រើប្រាស់ ពាក្យ “កម្លាំង” ប្រឆាំងនឹងអ៊ីរ៉ង់” ។
មន្ត្រីរូបនេះក៏បានសំដៅលើការ រិះគន់ផ្ទាល់ខ្លួនទៅលើលោក Biden ដោយចោទសួរពីសមត្ថភាព យល់ដឹងរបស់គាត់ និងចំអកដល់យោធាអាមេរិកទាំងមូល ដោយមានការយោងជាក់ស្តែងចំពោះការរត់ចូលគ្នាកន្លងមកជាច្រើនរវាងកងកម្លាំងអ៊ីរ៉ង់ និងកងកម្លាំង អាមេរិក នៅឈូងសមុទ្រពែក្ស។
លោក Shekarchi បាននិយាយថា លោក “Biden ច្បាស់ជាងងុយដេក នៅពេលដែលគាត់គំរាមកំហែងអ៊ីរ៉ង់” ។ “មើលខោទាហានរបស់អ្នក – ពួកគេអាចនឹងសើមនៅឈូងសមុទ្រពែរ្ស !”
ការលើកឡើងយ៉ាងម៉ឺងម៉ាត់នេះ បានធ្វើឡើងក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែង ដែលធ្វើឡើងដោយ លោក Biden ក្នុងអំឡុងដំណើរ ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស អ៊ីស្រាអែល កាលពីដើមសប្តាហ៍នេះ ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី អាមេរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានចុះហត្ថលេខាលើ សេចក្តីប្រកាសរួមស្តីពីភាពជាដៃគូ យុទ្ធសាស្ត្របន្តរបស់ប្រទេសទាំងពីរ ៕
ប្រែសម្រួលៈ ណៃ តុលា