បរទេស ៖ លោក Skibitskiy អ្នកនាំពាក្យ នៃនាយកដ្ឋាន ស៊ើបការណ៍ សម្ងាត់នៅក្រសួងការពារជាតិ អ៊ុយក្រែន បានបញ្ជាក់ថា “សព្វថ្ងៃនេះឧបទ្វីប គ្រីមៀ បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ចលនាឧបករណ៍ និងសព្វាវុធទាំងអស់ ដែលមកពីសហព័ន្ធរុស្ស៊ី ទៅកាន់ភាគខាងត្បូង នៃរដ្ឋរបស់យើង។ ជាដំបូង វាគឺជាចង្កោមនៃផ្នែករឹងយោធា គ្រាប់រំសេវ និងសម្ភារៈដែលប្រមូលផ្តុំនៅ Crimea ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅផ្គត់ផ្គង់ កងកម្លាំងកាន់កាប់ របស់រុស្ស៊ី” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីរូបនេះបានធ្វើការ កត់សម្គាល់នេះ នៅពេលដែលគាត់ បានបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍ 1+1 ដោយត្រូវ បានចោទសួរថាតើអ៊ុយក្រែន អាចប្រើប្រាស់ប្រព័ន្ធ រ៉ុក្កែត M142 HIMARS និង M270 MLRS ដែលផលិត ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារ នៅគ្រីមៀដែរឬទេ ។
លោកបានពន្យល់ថា ទីក្រុងគៀវ ក៏កំពុងស្វែងរកការ វាយប្រហារលើនាវាចម្បាំង នៃកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ីដែលឈរជើង នៅតំបន់គ្រីមៀនេះ ។ នាវាចម្បាំងកំពុងត្រូវបានប្រើប្រាស់ ដើម្បីបាញ់កាំជ្រួច ហើយដូច្នេះគឺ “ក្នុងចំណោមគោលដៅ ដែលត្រូវតែវាយប្រហារ ដើម្បីធានាសុវត្ថិភាព របស់ប្រជាពលរដ្ឋ ការដំឡើងរបស់យើង និងអ៊ុយក្រែនជាទូទៅ” ។
ការគំរាមកំហែងនេះកើតឡើង មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន Alexey Reznikov បានប្រកាសថា ទីក្រុងគៀវ បានទទួលប្រព័ន្ធរ៉ុក្កែត M270 MLRS ដំបូងរបស់ខ្លួន ។ មន្ត្រីរូបនេះ មិនបានបញ្ជាក់លម្អិតថា តើប្រព័ន្ធទាំងនោះ ត្រូវបានគេដាក់ពង្រាយ នៅសមរភូមិ ឬក៏អត់ពីកន្លែង ដែល ពួកគេបានទៅដល់ពិត ប្រាកដនោះទេ ។ មុននេះទីក្រុងឡុងដ៍បានសន្យាផ្គត់ផ្គង់ យ៉ាងហោចណាស់ប្រព័ន្ធបីប្រភេទផងដែរ។
ប្រទេសអ៊ុយក្រែន បានមើលឃើញឧបទ្វីបគ្រីមៀ ជាមជ្ឈមណ្ឌលយោធា ដ៏សំខាន់ និងជាគោលដៅស្របច្បាប់ ក្នុងប្រើប្រាស់សព្វាវុធ រយៈចម្ងាយឆ្ងាយ របស់បស្ចិមលោកវាយប្រហារ ៕
ប្រែសម្រួល៖ ណៃ តុលា