គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា សហភាពអឺរ៉ុប (EU) នឹងពិភាក្សាអំពីការរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុង គៀវ បានចោទប្រកាន់ទីក្រុងម៉ូស្គូថាបានបើកការវាយប្រហារថ្មីលើតំបន់លំនៅដ្ឋានជាច្រើននៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ។
ការវាយប្រហារថ្មីៗបានកើតឡើងបន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួននឹងបង្កើនប្រតិបត្តិការយោធារបស់ខ្លួន ហើយទីក្រុង គៀវ បានចោទប្រកាន់រុស្ស៊ីពីបទតម្លើងមីស៊ីលនៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ។
ជាមួយនឹងជម្លោះដែលកំពុងកើតមាន និងកាន់តែខ្លាំងឡើងចូលទៅក្នុងវិបត្តិថាមពល និងអាហារពិភពលោក រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកំពុងពិចារណាលើការហាមប្រាមការទិញមាសពីប្រទេសរុស្ស៊ី ដែលនឹងស្របតាមទណ្ឌកម្មដែលបានដាក់រួចហើយដោយដៃគូនៃក្រុម G7 ។
តួលេខរុស្ស៊ីច្រើនទៀតក៏អាចត្រូវដាក់ក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបផងដែរ ។
ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានថ្លែងបន្ទាប់ពីបានបញ្ជូនបន្តវិធានការដែលបានស្នើឡើងថា “ទីក្រុងម៉ូស្គូត្រូវតែបន្តបង់ថ្លៃខ្ពស់សម្រាប់ការឈ្លានពានរបស់ខ្លួន” ។
ទីក្រុងប្រ៊ុចស៊ែល ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សាអំពីការដាក់ទណ្ឌកម្មដំបូងនៅថ្ងៃចន្ទនេះ ប៉ុន្តែមិនធ្វើការសម្រេចចិត្តក្នុងថ្ងៃតែមួយនោះទេ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបបានថ្លែងដូច្នេះ ។
គួររំលឹកថា កាលពីថ្ងៃអាទិត្យ អភិបាលតំបន់ Donetsk លោក Pavlo Kyrylenko បានចោទប្រកាន់ក្រុងម៉ូស្គូពីបទបាញ់ផ្លោងមកលើ “ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសស្ថាប័នអប់រំ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា