ពេលនិយាយដល់សេដ្ឋកិច្ចចិន មជ្ឈដ្ឋានខាងក្រៅ តែងតែប្រើប្រាស់ពាក្យ គុណនាមមួយគឺ “ភាពធន់” ។ តួលេខសេដ្ឋកិច្ច នៃប្រទេសចិន នៅឆមាសទីមួយ ឆ្នាំ២០២២ដែលបានប្រកាសនៅថ្ងៃទី១៥ ខែកក្កដា បានបញ្ជាក់ម្តងទៀត នូវលក្ខណៈពិសេសមួយនេះ ។
យោងតាមតួលេខ ដែលប្រទេសចិន បានប្រកាសជាផ្លូវការ បានឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុក សរុបរបស់ប្រទេសចិន គឺ៥៦,២៦៤២ ទ្រីលានប្រាក់យាន់ចិន បើគិតជាតម្លៃថេរ នោះបានកើនជាង២,៥ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០២១ ។ ក្នុងបរិបទ ដែលនៅខែមេសា និងខែឧសភា សូចនាករតម្រូវការខាងផលិតកម្ម សំខាន់ៗ បានធ្លាក់ចុះ ប្រទេសចិនទទួល បានលទ្ធផល បែបនេះគឺមិនងាយទេ ប្រការនេះ បានបង្ហាញឱ្យឃើញនូវភាព ធន់យ៉ាងខ្លាំងក្លា របស់សេដ្ឋកិច្ចចិន ។
ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺនៅឆមាសទីមួយឆ្នាំនេះ សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ ទូទាំងប្រទេសចិន (CPI )បានកើនឡើង១,៧ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ បើប្រៀបធៀបនឹងកម្រិតឡើងថ្លៃរបស់ប្រទេស អឺរ៉ុប និងអាមេរិកដែលបានឡើង ថ្លៃ៨ភាគរយ តួលេខរបស់ប្រទេសចិន គឺតិចជាងយ៉ាងច្បាស់លាស់ ហើយក៏មានសភាពខុសគ្នា យ៉ាងជ្រះស្រឡះ បើប្រៀបធៀប នឹងអតិផរណាខ្ពស់ លើផ្ទៃអន្តរជាតិ ។ ប្រការនេះ មានអំណោយផល ដល់រក្សានិន្នាការនឹងន របស់សេដ្ឋកិច្ចចិន និងកែលម្អជីវភាព រស់នៅរបស់ប្រជាជនចិន ។
ចាប់ពីឆ្នាំនេះមក តម្លៃទំនិញខ្នាតធំ អន្តរជាតិ ជាពិសេស គឺតម្លៃស្បៀងអាហារ និងថាមពលបានរក្សាកម្រិតខ្ពស់ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង បង្គួរដល់អតិផរណាមានលក្ខណៈនាំចូលរបស់ប្រទេសចិន ។ ដូច្នេះ ប្រទេសចិនបានប្រើប្រាស់ភាព ប្រាកដប្រជានៃការផ្គត់ផ្គង់និងលំនឹងតម្លៃក្នុងស្រុក ដើម្បីទប់ទល់នឹងភាព មិនប្រាកដប្រជានៃបរិវេណខាងក្រៅ ធ្វើការបង្កបង្កើនផលស្បៀងអាហារ និងថាមពល ឱ្យបានល្អ ដែលបានធានាយ៉ាង ជាក់លាក់ នូវស្ថិរភាព របស់តម្លៃទំនិញជាមូលដ្ឋាន ។ នៅឆ្នាំ២០២២ បរិមាណ សរុបរបស់ផលិតផល ស្បៀងប្រទេសចិន នៅរដូវក្តៅ មានចំនួន ១៤៧,៣៩លានតោន បានកើនជាង១,៤៣៤លានតោន បើប្រៀបធៀប នឹងឆ្នាំ២០២១ ដែលបានកើនឡើង ១ភាគរយ ប្រការនេះបានផ្តល់ការ ទ្រទ្រង់យ៉ាងរឹង មាំ ដល់លំនឹងតម្លៃទំនិញ ក៏ដូចជារក្សាកម្រិតជីវភាព រស់នៅរបស់ប្រជាជន លំនឹងស្ថានភាពទូទៅរបស់សេដ្ឋកិច្ច និងទប់ទល់នឹងភាពមិនប្រាកដ ប្រជា នៃបរិវេណខាងក្រៅ ។
ក្រៅពីនេះ ក្នុងបរិបទ ដែលកម្លាំង ចលករ ជំរុញកំណើនពាណិជ្ជកម្មពិភពលោកបានថមថយចុះ បរិមាណសរុបនៃពាណិជ្ជកម្ម នាំចេញនាំចូលជាមួយ បរទេសរបស់ប្រទេសចិន បានកើនឡើង៩,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ក្នុងនោះការនាំចេញបានកើនឡើង១៣,២ភាគរយ ។
នៅពេលអនាគត យោងតាមសភាពការណ៍បង្ការ និង គ្រប់គ្រងជំងឺកូវីដ១៩ មានភាពកាន់តែល្អប្រសើរ និងសមិទ្ធផល នៃការអនុវត្តគោលនយោបាយ នឹងលេចចេញជាបន្តបន្ទាប់ ឧត្តមភាពរបស់ប្រទេសចិន ដូចជាសេដ្ឋកិច្ចមានទំហំធំធេង ទីផ្សារមានចន្លោះអភិវឌ្ឍទូលំទូលាយ ការអភិវឌ្ឍមានភាពធន់ និងអត្ថប្រយោជន៍ជាច្រើននៃការកែទម្រង់ជាដើម នឹងដើរតួនាទីកាន់តែធំ ថែមមួយកម្រិតទៀត ។
តើសេដ្ឋកិច្ចចិនមានសភាពយ៉ាងណា ? ចម្លើយ របស់សំណួរនេះ គឺតារាងពន្ទុរបស់សេដ្ឋកិច្ចចិននៅឆមាសទីមួយឆ្នាំនេះ ដែលបានពុះពារឧបសគ្គ និងទទួលបានការកើនឡើង ដោយនឹងនរ ។ សេដ្ឋកិច្ចប្រទេសជាតិ មានភាពធន់ ក៏បានបំពេញបន្ថែមនូវ ជំនឿចិត្តរបស់ប្រជាជនចិន ក្នុងការទប់ទល់នឹងការ ប្រឈមគ្រប់បែបយ៉ាង ។
នៅឆមាសទីពីរឆ្នាំនេះ នៅខាងក្រៅនៅតែមានកត្តាមិនប្រាកដប្រជាជាច្រើនដដែល ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិនក៏មានមូលដ្ឋានមិនសូវរឹងមាំដែរ បើចង់រក្សា លំនឹង នៃសេដ្ឋកិច្ចជាទូទៅ នោះក៏ត្រូវធ្វើការខិតខំប្រឹងប្រែង ជាបន្តទៀត ។ ប្រឈមនឹងភាព កាន់តែលំបាក ក៏កាន់តែត្រូវហ៊ាន ឆ្ពោះទៅមុខ ដោយអង់ អាចក្លាហាន ។ បច្ចុប្បន្ននេះ និន្នាការល្អប្រសើរ នៃសេដ្ឋកិច្ចចិន ដែលមានស្ថិរភាព ក្នុងរយៈពេលយូរមិនបានកែប្រែទេ ភាពធន់យ៉ាងខ្លាំង របស់សេដ្ឋកិច្ចជាលក្ខណៈពិសេស ច្បាស់លាស់ មានឧបករណ៍ជាច្រើន អាចកែសម្រួលគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ដូច្នេះ សេដ្ឋកិច្ចចិនមានសង្ឃឹម បន្តកើនឡើងនិងរក្សា ក្នុងក្របខណ្ឌដ៏សមរម្យ ហើយនឹងនាំមកនូវភ្លឺស្វាង ដល់អនាគតសេដ្ឋកិច្ច ជាសកលដែលមានភាព កាន់តែស្រអាប់ទៅពីមួយ ថ្ងៃទៅមួយថ្ងៃ ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន