បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាកិច្ចចរចា សន្តិភាព ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ នឹងអាចធ្វើឡើង ទៅបានក្នុងលក្ខខណ្ឌ ដែលរុស្សី នឹងធ្វើការសុំចុះចាញ់ នៅក្នុងសមរភូមិប្រយុទ្ធប៉ុណ្ណោះ ជាមុនសិន។
ថ្លែងនៅក្នុងបទសំភាស មួយជាមួយនឹងក្រុមអ្នកយកព័ត៌មាន The Forbes ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទដដែលនេះ លោក Kuleba បាន ហៅរុស្សី ថាជាប្រទេសដែលមានអាកប្បកិរិយា កំរោលខ្លាំង ហើយក៏ជាមូលហេតុតែមួយគត់ ដែលបានធ្វើឲ្យមានការរាំងស្ទះ ដល់ដំណើរការចរចា សន្តិភាព នានារវាងគ្នា ពីព្រោះថាកិច្ចចរចាទាំងឡាយ ត្រូវបានផ្សារភ្ជាប់ទៅនឹង ស្ថានភាព នៅតាមតំបន់ប្រយុទ្ធជួរមុខ។
លោក Kuleba បានពន្យល់បែបនេះថា៖ ខ្ញុំបានប្រាប់ទៅកាន់ដៃគូចរចាទាំងអស់ ហើយនូវលក្ខខណ្ឌតែមួយគត់ ថារុស្សី គួរតែចូលមកអង្គុយចរចា សន្តិភាពបានលុះត្រា ណាតែពួកគេយល់ព្រម ចុះចាញ់ នៅលើសមរភូមិបើមិនដូច្នេះទេវានឹងកើតឡើង តែការប្រើប្រាស់ពាក្យសំដី បែបឱសានវាទ។
លោករដ្ឋមន្ត្រីបានបន្តថា៖ ប្រធានាធិបតីលោក Volodymyr Zelenski មិនបានបដិសេធនូវលទ្ធភាព ក្នុងការចរចាគ្នានោះទេ ប៉ុន្តែលោកជឿជាក់ថា វាហាក់ដូចជា គ្មានមូលហេតុ អ្វីដែលត្រូវចរចាគ្នាឡើយ នៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី