ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើងជាច្រើននាក់ បាញ់ប្រហារចូលបារមួយកន្លែង នៅទីក្រុងប៉ារីស បណ្តាលស្លាប់ និងរបួស ៥នាក់

បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារនៅបារ shisha នៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ទី១១ ដែលជាតំបន់ដែលមានប្រជាជន រស់នៅច្រើនបំផុត របស់រដ្ឋធានីបារាំង ដែលមានទីតាំងនៅច្រាំងខាងស្តាំ នៃទន្លេ Seine មិនឆ្ងាយពីវិមាន Place de la Bastille ។

តាមសេចក្តីរាយការណ៍ មានបុរសជាច្រើននាក់ បានលោតចេញពីរថយន្ត ហើយបានបាញ់ប្រហារទៅលើមនុស្ស ដែលកំពុងអង្គុយនៅខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

លោក Francois Vaughlin ប្រធានតំបន់ទី 11 បានបញ្ជាក់ពីការស្លាប់និងរបួសនៅលើ Twitter ដោយនិយាយថា មានអ្នកបាញ់ប្រហារចំនួន៣ នាក់ដែលពាក់ព័ន្ធ ម្នាក់ក្នុងចំណោមនោះត្រូវបានចាប់ខ្លួន ដោយអ្នកនៅក្បែរនោះ ហើយក្រោយមកត្រូវបានប៉ូលីសឃាត់ខ្លួន។

មន្ត្រីដដែលបន្តថា ម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកជនដៃដល់ទី៣ បានរត់គេចខ្លួន ដោយការតាមប្រមាញ់កំពុងបន្ត ។

លោក Vaughlin បានបន្ថែមថា អ្នកស៊ើបអង្កេតជឿថាឧបទ្ទវហេតុនេះទំនងជា “ការដោះស្រាយកំហឹង រវាងក្រុមឧក្រិដ្ឋជន ដែលជាគូប្រជែងនឹងគ្នា៕ ប្រែសម្រួលៈ ណៃ តុលា

To Top