បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានឆ្លើយតបដោយផ្ទាល់ទេ ប្រសិនបើលោកមានឆន្ទៈជួប ជាមួយសមភាគី អ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប៉ុន្តែបានបង្កប់ន័យថា ជំនួបបែបនេះនឹងគ្មាន ន័យអ្វីឡើយ ខណៈដែលក្រុងគៀវ បានបដិសេធ ចំពោះគំនិតផ្តួចផ្តើមសន្តិភាព ដែលបានចរចា ដោយមានជំនួយ របស់ប្រទេសតួកគី កាលពីខែមីនា ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ ក្រោយជំនួបជាមួយប្រធានាធិបតី អ៊ីរ៉ង់ និង តួកគីថា “មានការចរចាដ៏ធំនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល នៅពេលដែលយើង ពិតជាបានឈានដល់កិច្ច ព្រមព្រៀងមួយ រឿងតែមួយគត់ដែលត្រូវធ្វើ គឺការចុះហត្ថលេខាលើវា” ។
ប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា “ដើម្បីបង្កើតលក្ខខណ្ឌទាំងនេះ កងទ័ពរបស់យើងបានដកខ្លួនចេញ ពីកណ្តាលអ៊ុយក្រែន ពីទីក្រុងគៀវ ប៉ុន្តែអាជ្ញាធរក្រុងគៀវ បានបដិសេធមិនអនុវត្តកិច្ចព្រមព្រៀងទាំងនេះ” ហើយគ្មានបំណងចង់ធ្វើដូច្នេះ សូម្បីតែឥឡូវនេះក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា