ព័ត៌មានអន្តរជាតិ

ដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ា លើកដំបូងរបស់លោកបៃដិន បន្សល់ទុកតែការសន្យា ដ៏លាក់លៀម

យេរ៉ូសាឡឹម ៖ អ្នកជំនាញអ៊ីស្រាអែល បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូង របស់លោក ចូ បៃដិន ទៅកាន់ប្រទេស អ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងនាមជាប្រធានាធិបតីអាមេរិក បានបន្សល់ទុកតែការប្តេជ្ញាចិត្ត ដ៏លាក់កំបាំង ហើយមិនអាចដោះស្រាយជម្លោះ អ៊ីស្រាអែល និងប៉ាឡេស្ទីនបានឡើយ។

លោក Tovah Lazaroff នាយករង និងនិពន្ធនាយកនៃកាសែត The Jerusalem Post បានសរសេរ នៅក្នុងអត្ថបទមួយថា ទោះបីជាលោក បៃដិន និយាយអំពីអនាគត សន្តិភាពក៏ដោយ ក៏លោកមិនបានចាត់វិធានការណាមួយ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់លោក ដើម្បីឈានទៅបញ្ចប់ជម្លោះ និងការពង្រីកការតាំង ទីលំនៅរបស់ជនជាតិជ្វីហ្វ នៅភាគខាងកើតទីក្រុងយេរ៉ូសាឡឹម និង West Bank នៅតែបន្ត។

ទន្ទឹមនឹងនេះ យោងតាមការប្រកាស របស់លោក បៃដិន ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នឹងធ្លាក់ចុះ ១៥ភាគរយពីឆ្នាំមុន។

លោក Jack Khoury អ្នកឆ្លើយឆ្លងព័ត៌មាន នយោបាយជាមួយកាសែតអ៊ីស្រាអែល Haaretz បានឲ្យដឹងថា “សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បៃដិន នៅទីក្រុង Bethlehem កាលពីថ្ងៃសុក្រ មិនបានផ្តល់នូវគោលជំហរ របស់សហរដ្ឋអាមេរិក ចំពោះអ្វីទាំងអស់ ដែលទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន” ។

លោកបានលើកឡើងថា លោក បៃដិន បានកំណត់ទីតាំងខ្លួនឯង នៅកន្លែងណាមួយរវាងអ្នកកាន់ តំណែងមុនរបស់លោក ដូណាល់ ត្រាំ ដែលបានព្យាយាមបំបែកក្តីសុបិន របស់ប៉ាឡេស្ទីន សម្រាប់មាតុភូមិមួយ និងអតីតប្រធានាធិបតី ប្រជាធិបតេយ្យ លោក បារ៉ាក់ អូបាម៉ា ដែលបានជំរុញឱ្យមានកិច្ចព្រមព្រៀង សន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែបានបោះបង់ចោល ការដេញថ្លៃនេះ បន្ទាប់ពីបរាជ័យសម្រេច បាននូវរបកគំហើញក្នុងឆ្នាំ២០១៤ ។

មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន ដែលបានចូលរួមកិច្ចប្រជុំ ជាមួយលោក បៃដិន ត្រូវបានដកស្រង់សម្តីដោយ Khoury ថា “ភាគីប៉ាឡេស្ទីនដឹងថា រដ្ឋបាលលោក បៃដិន មិនមែនហៀបនឹងបង្ហាញ គោលការណ៍ណែនាំ សម្រាប់ដំណោះស្រាយអចិន្ត្រៃយ៍ ឬកោះប្រជុំសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top