កូឡុំបូ៖ លោកRanil Wickremesinghe នឹងធ្វើសច្ចាប្រណិធានរបស់លោក ជាប្រធានាធិបតីស្រីលង្កា នៅឯសភានៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី សម្រាប់ប្រទេសអាស៊ីខាងត្បូង កាលពីថ្ងៃពុធ។
មន្ត្រីមកពីការិយាល័យប្រធានាធិបតី បានប្រាប់ស៊ីនហួថា លោក Wickremesinghe នឹងចូលកាន់តំណែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្នុងរយៈពេលនៃថ្ងៃនោះ ។
បន្ទាប់ពីតែងតាំង នាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានគេរំពឹងថា នឹងត្រូវបង្កើតឡើង នៅប៉ុន្មានថ្ងៃខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Wickremesinghe បានទទួលសំឡេងគាំទ្រចំនួន ១៣៤សំឡេង នៅក្នុងការបោះឆ្នោតសភា បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ពីតំណែងប្រធានាធិបតី កាលពីសប្តាហ៍មុន ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងប្រទេស។
បន្ទាប់ពីការលាលែងរបស់លោក Rajapaksa ប្រធានសភា Mahinda Yapa Abeywardena បានប្រកាសថា លោក Wickremesinghe ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី។
ភ្លាមៗបន្ទាប់ពីបានឈ្នះការបោះឆ្នោតសភា ដោយសន្លឹកឆ្នោតសម្ងាត់ លោក Wickremesinghe បានថ្លែងទៅកាន់សភា ដោយអំពាវនាវឱ្យសមាជិកសភាទាំងអស់ រួមទាំងសមាជិកសភាបក្សប្រឆាំងរួបរួមគ្នា និងធ្វើការរួមគ្នាជាមួយលោក ដើម្បីដឹកនាំប្រទេសស្រីលង្កា ចេញពីវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន ៕
ប្រែសម្រួល ឈូក បូរ៉ា