ម៉ាឌ្រីត៖ រដ្ឋាភិបាលអេស្ប៉ាញ បដិសេធផែនការដែលបាន ប្រកាសកាលពីថ្ងៃពុធ ដោយគណៈកម្មការអឺរ៉ុប ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័នចំនួន ១៥ភាគរយនៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយមើលឃើញពីលទ្ធភាព ដែលរុស្ស៊ីនឹងកាត់បន្ថយការ ផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប នេះបើតាមលោកស្រី Teresa Ribera រដ្ឋមន្ត្រីសម្រាប់ការផ្លាស់ប្តូរបរិស្ថាន។
លោកស្រី រដ្ឋមន្ត្រីបានឲ្យដឹងថា “អ្វីក៏ដោយដែលកើតឡើងគ្រួសារអេស្ប៉ាញ នឹងមិនទទួលរងការកាត់ឧស្ម័ន ឬអគ្គិសនីនៅក្នុងផ្ទះរបស់ពួកគេនោះទេ ហើយរដ្ឋាភិបាលនឹងការពារ ទីតាំងនៃឧស្សាហកម្មអេស្ប៉ាញ ដែលបានបង់តម្លៃពិសេស ដើម្បីធានាសុវត្ថិភាពនៃការផ្គត់ផ្គង់” ។
លោកស្រី Ribera បានលើកឡើងថា ការប្រើប្រាស់នៅក្នុងប្រទេសអេស្ប៉ាញ គឺស្ថិតនៅក្នុងដែនកំណត់សមហេតុផល។ លោកស្រីបានបន្ដថា “យើងចង់ជួយ ប៉ុន្តែយើងក៏ចង់មានការគោរពដែរ “។ លោកស្រីបានបន្ថែមថា “ការលះបង់មិនសមាមាត្រ មិនអាចដាក់លើយើងបានទេ” ជាពិសេសនៅពេលដែល “យើងមិនត្រូវបានស្នើសុំឱ្យផ្តល់យោបល់” ។
គួរបញ្ជាក់ថា សំណើរបស់គណៈកម្មាការអឺរ៉ុប មានគោលបំណងកាត់បន្ថយ ការប្រើប្រាស់ជាមធ្យមចំនួន ១៥ភាគរយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា