ព័ត៌មានអន្តរជាតិ

Update: អ៊ីរ៉ាក់ កោះហៅឯកអគ្គរដ្ឋទូតតួកគី​ ទៅសួរនាំ ជុំវិញការទម្លាក់គ្រាប់បែក ដ៏សាហាវកាលពីម្សិលមិញ

បាកដាដ៖ អ៊ីរ៉ាក់ កាលពីថ្ងៃពុធបានសម្រេចចិត្ត កោះហៅតំណាងទូតរបស់ខ្លួន ពីទីក្រុងអង់ការ៉ា សម្រាប់ការពិគ្រោះយោបល់ និងបានកោះហៅឯកអគ្គរដ្ឋទូតតួកគី ជុំវិញការទម្លាក់គ្រាប់បែកដ៏សាហាវ ទៅលើរមណីយដ្ឋានភាគខាងជើង ប្រទេសអ៊ីរ៉ាក់។

ក្រុមប្រឹក្សារដ្ឋមន្ត្រីអ៊ីរ៉ាក់ សម្រាប់សន្តិសុខជាតិបានប្រកាស ការសម្រេចចិត្តនេះ បន្ទាប់ពីបានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការវាយប្រហារដោយទម្លាក់គ្រាប់បែក ដែលបានសម្លាប់អ្នកទេសចរយ៉ាងតិច ៩នាក់ និងរបួស ២៣នាក់ផ្សេងទៀត នៅព្រឹកថ្ងៃនោះ។

ប្រទេសអ៊ីរ៉ាក់ បានចោទប្រកាន់ប្រទេសតួកគីថា បានវាយលុករមណីយដ្ឋានក្នុងខេត្ត Duhok នៃតំបន់ពាក់កណ្តាលស្វយ័តរបស់ខ្លួន ដែលជាការចោទប្រកាន់ ដែលទីក្រុងអង់ការ៉ាបានបដិសេធ។

ក្រុមប្រឹក្សារដ្ឋមន្ត្រីអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តួកគី មិនអើពើនឹងការទាមទាររបស់អ៊ីរ៉ាក់ ក្នុងការបញ្ឈប់ការរំលោភ លើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ ហើយមិនគោរពគោលការណ៍ នៃភាពជាអ្នកជិតខាងល្អ” ដោយជំរុញឱ្យតួកគី ដាក់ការសុំទោសជាផ្លូវការ និងដកកងកម្លាំងរបស់ខ្លួន ចេញពីទឹកដីអ៊ីរ៉ាក់ទាំងអស់។

ក្រុមប្រឹក្សាក៏បានសម្រេចចិត្ត ផ្អាកការបញ្ជូនឯកអគ្គរដ្ឋទូតថ្មី ប្រចាំតួកគី ក្នុងការតវ៉ាចំពោះការវាយប្រហារនេះ និងបញ្ជាឱ្យដាក់ពាក្យបណ្តឹង ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

ទីក្រុងអង់ការ៉ា តែងតែអនុវត្តសកម្មភាពយោធាឆ្លងព្រំដែន ទៅកាន់ភាគខាងជើង ប្រទេសអ៊ីរ៉ាក់ ដោយអះអាងថា ជាគោលដៅទៅលើ គណបក្សពលករឃឺដ (PKK) ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវករ ដោយតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕ ប្រែសម្រួល ឈូក បូរ៉ា

To Top