ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការថ្មីនៅក្នុងប្រទេសស៊ីរី នៅតែស្ថិតក្នុងរបៀបវារៈ ប្រធានាធិបតីតួកគី

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំរបស់លោក ជាមួយមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីថា ការបើកប្រតិបត្តិការយោធាថ្មីមួយ ទៅកាន់ភាគខាងជើង នៃប្រទេសស៊ីរី គឺស្ថិតនៅក្នុងរបៀបវារៈរបស់តួកគី ដរាបណាការព្រួយបារម្ភ អំពីសន្តិសុខរបស់ខ្លួនមិនត្រូវបានឆ្លើយតប។

លោក Erdogan បានប្រាប់អ្នកយកព័ត៌មាន នៅលើជើងហោះហើររបស់លោក ពីប្រទេសអ៊ីរ៉ង់ ទៅកាន់ទីក្រុងតួកគីថា “ប្រតិបត្តិការថ្មីមួយនឹងបន្ត នៅក្នុងរបៀបវារៈរបស់យើង ដរាបណាការព្រួយបារម្ភ អំពីសន្តិសុខជាតិរបស់យើង មិនត្រូវបានដោះស្រាយ”។

ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានដកស្រង់សម្តីលោក Erdogan ដែលបានឲ្យដឹងថា ប្រធានាធិបតីតួកគីបានសង្កត់ធ្ងន់ថា លោកបានលើកឡើងពីបញ្ហានេះ ក្នុងអំឡុងពេលជួប ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។

ផ្ទាំងពាណិជ្ជកម្ម

លោក Erdogan បានបន្ដថា “យើងចង់ឱ្យរុស្ស៊ី និងអ៊ីរ៉ង់ នៅខាងយើងក្នុងការប្រយុទ្ធប្រឆាំង នឹងអង្គការភេរវករ ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រភាគខាងត្បូងនៃព្រំដែន។ លើបញ្ហានេះ ពួកគេគួរតែផ្តល់ឱ្យយើង នូវការគាំទ្រចាំបាច់” ។

គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៧ អ៊ីរ៉ង់ តួកគី និងរុស្សី បានចាប់ផ្តើមស្ថាប័នត្រួតពិនិត្យរួមមួយ ដើម្បីអនុវត្តដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ស្តីពីដំណើរការសន្តិភាព នៅក្នុងប្រទេសស៊ីរី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top