ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះដំណើរទស្សនៈកិច្ច របស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ និងចាត់វិធានការតបតវិញ ប្រសិនបើភាគីអាមេរិក ទទូចចង់ធ្វើទស្សនកិច្ចនេះ។
ភាគីចិន បានឲ្យដឹងម្តងហើយម្តងទៀត នូវជំហរតឹងរ៉ឹងរបស់ខ្លួន ក្នុងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ លោក Wang បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ ដោយបន្ថែមថាសភាសហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃ រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយត្រូវបានគេសន្មត់ថា ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ចំពោះការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់។
លោក Wang បានលើកឡើងថា “ប្រសិនបើប្រធានសភាលោកស្រី Pelosi ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ វានឹងបំពានយ៉ាងធ្ងន់ធ្ងរលើ គោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៅក្នុង សេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន និងសហរដ្ឋអាមេរិក និងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន”។
លោក Wang បាន បន្ដថា វា នឹង មាន ផល ប៉ះពាល់ អវិជ្ជមាន យ៉ាង ខ្លាំង ដល់ មូលដ្ឋាន នយោបាយ នៃ ប្រទេស ចិន និង ទំនាក់ទំនងចិន-សហរដ្ឋ អាមេរិក និង បញ្ជូន សញ្ញា ខុស ធ្ងន់ធ្ងរ ទៅ កាន់ កងកម្លាំង ផ្តាច់ខ្លួន “ឯករាជ្យ តៃវ៉ាន់”។
លោក Wang បានបន្ថែមថា “ប្រសិនបើភាគីសហរដ្ឋអាមេរិក ទទូចឱ្យធ្វើទស្សនកិច្ចនោះ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះវា និងចាត់វិធានការណ៍តបតវិញ។ យើងមានន័យដូចអ្វីដែលយើងនិយាយ” ៕
ប្រែសម្រួល ឈូក បូរ៉ា