ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីតាលី រំលាយសភា និងបើកផ្លូវឲ្យមានការបោះឆ្នោត

រ៉ូម៖ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella កាលពីថ្ងៃព្រហស្បតិ៍ បានរំលាយសភាទាំងពីរជាផ្លូវការ ដោយជ្រើសរើសនីតិវិធីរដ្ឋធម្មនុញ្ញ ដើម្បីរៀបចំការបោះឆ្នោតដំបូង នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រមុខរដ្ឋបានប្រកាសបែបនេះ នៅក្នុងសុន្ទរកថាខ្លីមួយ ទៅកាន់ប្រទេសក្នុងអំឡុងពេល ថ្ងៃនយោបាយដ៏តានតឹង និងបន្ទាប់ពីបានទទួលយក ការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រីលោក Mario Draghi ។

ការសម្រេចចិត្តចុះចេញពីតំណែង របស់លោក Draghi បានធ្វើឡើងបន្ទាប់ពី ការបោះឆ្នោតទុកចិត្តមួយ ដែលបានធ្វើឡើងនៅក្នុងព្រឹទ្ធសភា កាលពីថ្ងៃពុធ ដែលរដ្ឋាភិបាលបានអនុម័ត ប៉ុន្តែមិនទទួលសំឡេងគាំទ្រភាគច្រើន ដោយសារតែចលនាផ្កាយប្រាំ សម្ព័ន្ធស្តាំនិយម និងគណបក្ស Forza Italia បានធ្វើពហិការមិនចូលរួមការបោះឆ្នោត។

ទាំងបីខាងលើនេះ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ នៅក្នុងសម្ព័ន្ធទូលំទូលាយ ដែលបានគាំទ្រ គណៈរដ្ឋមន្ត្រីឯកភាពជាតិ របស់លោក Draghi ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកប្រធានាធិបតី Mattarella បានលើកឡើងថា “ខ្ញុំបានចុះហត្ថលេខាលើក្រឹត្យ សម្រាប់ការរំលាយសភា ដើម្បីឱ្យការបោះឆ្នោតថ្មី ត្រូវបានរៀបចំឡើង ក្នុងរយៈពេល ៧០ថ្ងៃកំណត់ដោយរដ្ឋធម្មនុញ្ញ” ។

លោកបានពន្យល់ថា ការរំលាយសភាមុនកាលកំណត់គឺ “តែងតែជាជម្រើសចុងក្រោយ ដែលត្រូវធ្វើ” ហើយជាពិសេសនៅពេលដែលសមាជិកសភា ត្រូវបានគេរំពឹងថា នឹងបំពេញកាតព្វកិច្ចសំខាន់ៗ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top