ព័ត៌មានអន្តរជាតិ

ចិន ជំនះទណ្ឌកម្មរបស់អាមេរិក ប្រតិបត្តិការផលិតបន្ទះឈីប ខ្លាំងស្មើអ្នកផ្គត់ផ្គង់ធំៗផ្សេងទៀត

បរទេស៖ យោងតាមរបាយការណ៍ ដែលត្រូវបានអះអាងដោយកាសែត The Bloomberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាក្រុមហ៊ុនអ្នកផលិតបន្ទះឈីបចិន SMIC ស្ងាត់ៗគឺអាចផលិតបានបន្ទះឈីប ដែលមានកម្រិតខ្ពស់ និងចំនួនស្មើទៅនឹងកម្រិត របស់ក្រុមហ៊ុនធំ របស់ពិភពលោកទាំងបី ជាកំពុងទទួលរងទណ្ឌកម្ម ពីសំណាក់អាមេរិកក្តី។

ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅក្នុងទីក្រុងសៀងហៃនេះ អាចផលិតបានទាំងបន្ទះឈីបកម្រិត 7-nanometer (nm) ដែលជាបច្ចេកវិទ្យាប្រើប្រាស់ សម្រាប់កំព្យូទ័រក្នុងការជីកយក Bitcoin នោះផងដែរតាំងតែ ពីខែកក្កដាមកម្ល៉េះ នេះបើយោងតាម ការបញ្ជាក់អះអាងដោយ The Tech Insights ហើយក្នុងនោះ The Bloomberg ក៏បានធ្វើការអះអាងថា ជាការពិតផងដែរ។

គួរឲ្យដឹងដែរថាកន្លងមក SMIC ធ្លាប់បានផលិតបានបន្ទះឈីបកម្រិត 14nm ម្តងហើយប៉ុន្តែភ្លាមៗ ត្រូវបានសហរដ្ឋអាមេរិក ចេញមករារាំងនិងរឹតត្បិត ធ្វើយ៉ាងណាឲ្យចិន មិនអាចផលិតបន្ទះឈីប ស្ថិតនៅក្នុងកម្រិតទាបជាងនេះឡើយ តាមរយៈការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ និងជាពិសេសហាមប្រាម រាល់ការនាំចេញរបស់ចិនទៀតផង កាលពីឆ្នាំ២០២០។

ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានអ្នកណាហ៊ានអះអាងទេថា តើចិនអាចយកឈ្នះក្រុមហ៊ុនអាមេរិក និងសម្ព័ន្ធមិត្តដូចជា Samsung និង TSMC ជាដើម ដោយវិធីសាស្ត្រនៃការនាំចេញ របៀបណានោះទេខណៈដែលកន្លងមក ធ្លាប់មានការអះអាងថា ចិនអាចផលិតបានត្រឹមតែបន្ទះឈីប 14nm ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top