នាពេលថ្មីៗកន្លងទៅនេះ អង្គការ Arab barometer ដែលជាអង្គការស្ទង់ប្រជាមតិអន្តរជាតិ បានចេញផ្សាយរបាយការណ៍ ពិនិត្យអង្កេតពីរច្បាប់ ដោយបានបង្ហាញថា ប្រជាជនអារ៉ាប់ភាគច្រើន បាននិងកំពុងបាត់បង់ជនឿចិត្ត ចំពោះប្រសិទ្ធភាពរបស់ប្រព័ន្ធ របបប្រជាធិបតេយ្យបែបលោកខាងលិច ហើយរូបមន្តរបស់ប្រទេសចិន មានកម្លាំងទាក់ទាញកាន់តែខ្លាំងឡើងៗ ។
ការស្ទង់ប្រជាមតិដែលមានអ្នកចូលរួម ផ្តល់ប្រជាមតិសរុប២៣ពាន់នាក់ បានគ្របដណ្តប់ប្រទេសចំនួន៩ ដូចជាម៉ារ៉ុក ទុយនីស៊ី អ៊ីរ៉ាក់ ស៊ូដង់ លីប៊ី ហ៊្សកដានី លីបង់ ម៉ូរីតានីនិងប៉ាឡេស្ទីនជាដើម ។ អនុលោមតាមការស្ទប់ប្រជាមតិលើកនេះ នៅដើមខែកក្កដា អង្គការ Arab barometer បានចេញផ្សាយរបាយការណ៍ពីរច្បាប់ លើវេបសាយរបស់ខ្លួន គឺ«ប្រជាធិបតេយ្យនៃមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង» និង «មតិរបស់សាធារណជន ចំពោះការប្រកួតប្រជែងរវាងចិន និងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង» ។
របាយការណ៍ស្តីពី«ប្រជាធិបតេយ្យ នៃមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង»បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ជាពិសេសគឺ៥ឆ្នាំចុងក្រោយនេះ ប្រជាជននៃប្រទេសអារ៉ាប់ នៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង កាន់តែមានមន្ទិលសង្ស័យ ចំពោះអត្ថប្រយោជន៍របស់ប្រជាធិបតេយ្យ បែបលោកខាងលិច ប្រជាពលរដ្ឋកាន់តែច្រើនសម្គាល់ឃើញថា ប្រព័ន្ធរបបប្រជាធិបតេយ្យបែបលោកខាងលិច គ្មានអំណោយផលដល់ការស្តារសេដ្ឋកិច្ចឡើងវិញ គាំពារស្ថិរភាពនៃសណ្តាប់ធ្នាប់សង្គម និងជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការ យ៉ាងដាច់ម៉ាត់នោះទេ ។
រីឯរបាយការណ៍ស្តីពី «មតិរបស់សាធារណជន ចំពោះការប្រកួតប្រជែងរវាងចិន និងអាមេរិក នៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»បានលើកឡើងថា ប្រទេសចិនបានបង្កើនទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចជាមួយតំបន់នេះ តាមរយៈគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប៉ុន្តែអាមេរិកបែរជាបន្តកាត់បន្ថយ ការចំណាយនៅក្នុងតំបន់នេះ ដើម្បីបង្វែរមជ្ឈមណ្ឌលយុទ្ធសាស្ត្រ ទៅកាន់អាស៊ីប៉ាស៊ីហ្វីក ។ អ្នកចូលរួមផ្តល់ប្រជាមតិជាច្រើន សម្គាល់ឃើញថា អាមេរិកផ្តល់ជំនួយ គឺដើម្បីបង្កើនកម្លាំងឥទ្ធិពលរបស់ខ្លួន ហើយប្រើប្រៀបធៀបនឹងអាមេរិក ប្រជាជនក្នុងតំបន់មិនសូវមានមន្ទិលសង្ស័យ ចំពោះជំនួយពីប្រទេសចិននោះឡើយ ។
ទីបំផុត របាយការណ៍បានបូកសរុបថា ដោយមកពីប្រទេសចិនមិនមែន ជាប្រទេសអាណានិគមនោះទេ ហើយក៏មិនដែលជ្រៀតជ្រែកដោយផ្ទាល់ នូវកិច្ចការរបស់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនោះដែរ ដូច្នេះ នៅពេលអនាគតមិនជាយូរប៉ុន្មាន ប្រទេសចិនប្រហែលនឹងកាន់តែ មានប្រជាប្រិយភាពជាងអាមេរិក ៕ វិទ្យុមិត្តភាពកម្ពុជាចិន